បច្ចេកវិទ្យា November 7, 2019 Khmernote
Xiaomi បង្ហាញស្មាតហ្វូនថ្មី កាមេរ៉ា៥គ្រាប់ ទំហំដល់១០៨មេហ្គាភិចសែល និងថ្មទំហំ 5,260mAh លក់តែ៤០០ដុល្លារ

បរទេស៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សមួយរបស់ចិន ដែលមានឈ្មោះថា Xiaomi បានដាក់បង្ហាញនូវទូរស័ព្ទម៉ូដែលថ្មីមួយរបស់ខ្លួនមានកាមេរ៉ាទំហំទៅដល់ ១០៨ មេហ្គាភិចសែល ដែលជាទំហំដ៏ធំមិនធ្លាប់មានពីមុនមកនៅលើស្មាតហ្វូន។ ស្មាតហ្វូនកំពូលរបស់ Xiaomi គឺជាម៉ូដែល Mi CC9 Pro (សម្រាប់លក់នៅក្នុងប្រទេសចិន) ចំណែកឯទីផ្សារសកលវិញមានឈ្មោះ Mi Note 10។

ស្មាតហ្វូននេះមានកាម៉េរាក្រោយដល់ទៅ០៥គ្រាប់កាន់តែបន្ថែមភាពទាក់ទាញរបស់ខ្លួនដោយក្នុងនោះ កាមេរ៉ាមេទំំហំ 108MP , ២គ្រាប់ជាប្រភេទ telephoto len (12MP សម្រាប់ zoom 2x និង 5MP សម្រាប់ zoom 5x) មួយគ្រាប់ទំហំ 2MP ជាប្រភេទ Macro len និងមួយទៀតទំហំ 20MP ប្រភេទ ultra-wide len ចំណែកឯកាម៉េរាខាងមុខមានទំហំដល់ទៅ៣២មេហ្គាភិចសែល។

<

ក្រុមហ៊ុន Xiaomi បានអះអាងថា កាម៉េរាដ៏ខ្លាំងរបស់ខ្លួននៅលើម៉ូដែលនេះអាចថត និងផ្តិតរូបដែលមានគុណភាពខ្ពស់យកទៅប្រើប្រាស់ជាមួយនឹងផ្ទាំងផ្សាយពាណិជ្ជកម្មធំៗដូចជា ផ្ទាំងប៉ាណូ ដែលមានទំហំទៅដល់២,៤ម៉ែត្រឯណោះ។

ស្មាតហ្វូននេះប្រើបន្ទះឈីប Snapdragon 730G មាន RAM 6GB និងមេម៉ូរី 128GB មានអេក្រង់កោងទំហំ 6.47-inch OLED ព្រមទាំងមានបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ ហើយស្មាតហ្វូននេះមានថាមពលថ្មរហូតដល់ទៅ 5,260mAh ថែមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន 30W ដោយសាកពី 0 ទៅ 100% ចំណាយពេលតែ 65នាទីប៉ុណ្ណោះ។ ចំពោះតម្លៃវិញ ស្មាតហ្វូននេះត្រូវបាន Xiaomi ប្រកាសលក់ក្នុងតម្លៃតែ៤០០ដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ Lee