ព័ត៌មានជាតិ November 8, 2019 Khmernote
ដឹងការពិតហើយ! នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាក់ការពិតករណីបង្ហោះក្នុងហ្វេសប៊ុកថា មានបិទស្ទីកឃើរឆៀកហើយ នៅតែផាកពិន័យទៀត ដោយសារអត់មានវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្តដាក់តាមខ្លួន

បងប្រុសម្នាក់ឈ្មោះ​ គឹម​ វ៉ាង​បានបង្ហោះវិដេអូបង្ហាញអារម្មណ៍ហួសចិត្តនឹងសមត្ថកិច្ចខេត្តព្រះសីហនុ ដែលធ្វើការផាកពិន័យឡានរបស់គាត់ទោះបីគាត់បានធ្វើការចុះបញ្ជីរថយន្តមានទាំងកាតគ្រី និងត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវយ៉ាងណាក៏ដោយ។ ក្នុងនោះដែរបងប្រុសបានលើកជាចម្ងល់ដោយសង្កត់ធ្ងន់ៗថា សមត្ថកិច្ចផាកពិន័យរថយន្តរបស់គាត់ ដោយសារតែមិនបានយកវិញ្ញាបណ្ណបត្រត្រួតពិនិត្យបច្ចេកទេសរថយន្ត មកតាមខ្លួន ទោះបីមានតែមឆៀកឡានបិទលើកញ្ចក់ក៏ដោយ។

យ៉ាងណាមិញចំពោះករណីនេះ នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានធ្វើការបដិសេធដោយថាការលើកឡើងរបស់ឈ្មោះ គឹម វ៉ាង គឺជាព័ត៌មានមិនពិត។ នេះបើយោងតាមការបង្ហោះរបស់ នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា​៖ “សមត្ថកិច្ចសូមបញ្ជាក់ថាករណីឈ្មោះ​ គឹម​ វ៉ាង​ ត្រូវពិន័យក្នុងស្ថានភាពគ្មានវិញ្ញាបនបត្រត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ (ឈៀក) និងគ្មាន ស្ទីកឃើរបិទកញ្ចក់រថយន្តនិយាយ រួមជារថយន្តគ្មានឆៀកតែម្តង។ ពេលនោះ គឹមវ៉ាងបានយល់ព្រមផ្តិតមេដៃ បង់ពិន័យដោយគ្មានការតវ៉ាអ្វីឡើយ ។ ក្រោយមកស្រាប់តែមានការ ប្រឌិតព័ត៌មានមិនពិតថាសមត្ថកិច្ចពិន័យក្នុងករណីរថយន្តមានស្ទីកឃើរឆៀកនៅកញ្ចក់ដោយគ្រាន់តែមិន បានយកវិញ្ញាបនបត្រតាមខ្លួនទៅ វិញ។ សមត្ថកិច្ចសូម​ធ្វើ​ការបដិសេធន៍ និងចាត់ការ រកជនផ្សាយព័ត៌មានមិនពិតនេះ ព្រមទាំងស្នើសាធារណជន រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ”៕

អត្ថបទ៖ ណារ៉ែន