អន្តរជាតិ November 8, 2019 lyda
ដុំទឹកកក “Ice Egg” យ៉ាងចម្លែករាប់ពាន់គ្រាប់ គ្របដណ្តប់ពាសពេញឆ្នេរមួយនៅឯប្រទេសហ្វាំងឡង់

ដុំទឹកកករាងដូចពងមាន់រាប់ពាន់គ្រាប់បានគ្របដណ្ដប់លើឆ្នេរមួយនៅប្រទេសហ្វាំងឡង់ ដែលនេះជាលទ្ធផលនៃបាតុភូតអាកាសធាតុដ៏កម្រមួយ។ បាតុភូត “ស៊ុតទឹកកក” ទាំងនោះកើតឡើងនៅលើឆ្នេរនៃកោះ Hailuoto នៃឈូងសមុទ្រ Bothnia ចន្លោះប្រទេសហ្វាំងឡង់ និងស៊ុយអែត កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ អ្នកជំនាញនិយាយថា វាបណ្តាលមកពីដំណើរការដ៏កម្រមួយ ដែលក្នុងនោះដុំទឹកកកតូចៗត្រូវបានរុំព័ទ្ធដោយខ្យល់ និងទឹក។

<

អ្នកជំនាញខាងអាកាសធាតុរបស់ BBC លោក George Goodfellow បាននិយាយថា ដុំទឹកកកនេះត្រូវការលក្ខខណ្ឌអាកាសធាតុត្រជាក់ និងមានខ្យល់បន្តិចដើម្បីឱ្យវាកកើត។ ជាទូទៅគឺថាពួកវាបង្កើតចេញពីបំណែកផ្ទាំងទឹកកកធំៗ ដែលបន្ទាប់មកត្រូវបានជន់លិចដោយរលកធ្វើឱ្យវាមានរាងមូល។ ពួកវាកកើតកាន់តែច្រើននៅពេលដែលទឹកសមុទ្រកកនៅផ្ទៃខាងលើ ហើយហេតុផលនេះនឹងធ្វើឱ្យដុំទឹកកកកាន់តែរលោងផងដែរ។ ដូច្នេះហើយជាលទ្ធផលដុំទឹកកកទាំងនោះរសាត់មកលើឆ្នេរ បង្កើតជាបាតុភូតដ៏ចម្លែកនេះ។ បាតុភូតស្រដៀងគ្នានេះក៏ត្រូវបានគេរាយការណ៍ពីមុនមកដែរ រួមទាំងនៅប្រទេសរុស្ស៊ី និងនៅលើបឹង Michigan ក្បែរទីក្រុងឈីកាហ្គោ៕

អត្ថបទ៖ លីដា