អន្តរជាតិ November 8, 2019 lyda
ការសិក្សាបង្ហាញថា ផឹកកាហ្វេអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកថ្លើមបាន ៥០%

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Queen’s University Belfast បានរកឃើញថា អ្នកដែលចូលចិត្តទទួលទានកាហ្វេរាល់ថ្ងៃ អាចមានការថយចុះហានិភ័យនៃជំងឺមហារីកកោសិកាថ្លើម (Hepatocellular Carcinoma-HCC) ។ ការសិក្សានេះបានធ្វើឡើងនៅក្នុងចក្រភពអង់គ្លេសអស់រយៈពេលជាង ៧ឆ្នាំកន្លះ និងបានតាមដានទម្លាប់ផឹកកាហ្វេរបស់អ្នកចូលរួមចំនួន ៤៧១,៧៧៩នាក់ នៅក្នុងចក្រភពអង់គ្លេស ដែលជាការសិក្សាដ៏ធំបំផុតមួយលើមនុស្សវ័យកណ្តាលនៅលើពិភពលោក។ ទិន្នន័យបានបង្ហាញពីការថយចុះហានិភ័យ ៥០% នៃ HCC ចំពោះអ្នកផឹកកាហ្វេ បើធៀបនឹងអ្នកដែលមិនផឹកកាហ្វេសោះ។

<

វេជ្ជបណ្ឌិត Una McMenamin អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Queen’s University Belfast និងជាសហអ្នកនិពន្ធនៃការសិក្សានេះបាននិយាយថា៖ “នេះគឺជាការស្រាវជ្រាវដំបូងមួយដែលធ្វើការស៊ើបអង្កេតពីហានិភ័យនៃជំងឺមហារីកប្រព័ន្ធរំលាយអាហារយោងទៅតាមប្រភេទកាហ្វេផ្សេងៗគ្នា ហើយយើងបានរកឃើញហានិភ័យនៃ HCC មានកម្រិតទាបចំពោះអ្នកដែលផឹកកាហ្វេ”។ លោកបន្ដថា៖ “យើងត្រូវការការស្រាវជ្រាវបន្ថែមទៀត ដើម្បីកំណត់ពីហេតុផលជីវសាស្ត្រដែលអាចកើតមាននៅពីក្រោយលទ្ធផលនេះ”៕

អត្ថបទ៖ លីដា