សង្គម November 8, 2019 Khmernote
រដ្ឋាភិបាលចំណាយថវិកាជាង២០០លានដុល្លារ ស្ថាបនាផ្លូវ ៣៤ ខ្សែឡើងវិញក្នុងក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលជួយខេត្តព្រះសីហនុ បានអមដំណើរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យ ស្ថានភាពផ្លូវទាំង៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ និងដើម្បីត្រៀមបើកការដ្ឋានស្ថាបនាផ្លូវទ្រង់ទ្រាយធំនាពេលខាងមុខដើម្បីប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងទំនើបមានសោភណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ការវិនិយោគក្នុងទឹកប្រាក់ជាង ២០០លានដុល្លាររបស់រាជរដ្ឋាភិបាលកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្ត ព្រះសីហនុក្នុងគោលបំណងដើម្បីឆ្លើយតបនឹងកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការបង្កើនជីវភាព របស់ប្រជាពលរដ្ឋ។

<

យោងតាមមន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ផ្លូវសរុប ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ប្រវែងសរុបជាង ៨៤គីឡូម៉ែត្រ នឹងត្រូវបានស្ថាបនាជាថ្មីឡើងវិញដោយចំណាយទឹកប្រាក់សរុបប្រមាណជាង ២០០លានដុល្លារអាមេរិក ស្របតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីសំដៅ ប្រែក្លាយក្រុងព្រះសីហនុជាទីក្រុងទំនើប និងជាតំបន់សេដ្ឋកិច្ចពហុប៉ូលរបស់កម្ពុជា។

បច្ចុប្បន្ននេះ ផ្លូវចំនួន ២៤ ខ្សែ ក្នុងខេត្តព្រះសីហនុ បាននឹងកំពុងចាប់ផ្ដើមស្ថាបនាជាបណ្ដើរៗហើយក្នុងនោះរួមមាន៖ ១) កងវិស្វកម្ម សម្តេចតេជោ ហ៊ុន សែន សៀមរាប ស្ថាបនាផ្លូវមហាវិថីជំទាវម៉ៅ ប្រវែង ៩.៣៦៥ម ចំនួន ០១ ខ្សែ។ ២)កងវិស្វកម្ម លេខ ១៧៨ ស្ពានថ្នល់ ស្ថាបនាវិថីឯករាជ្យ ប្រវែង ៥.៣៦៥ម ចំនួន ០១ខ្សែ។ ៣) ក្រុមហ៊ុន ហេង សម្បត្តិ ស្ថាបនាមហាវិថីឆ្នេររាម, វិថីអូរត្រេះ, វិថីពូទ្បូវៃ, វិថី២ធ្នូ, វិថី២៨ មិថុនា ប្រវែងសរុប ២៣.៣៦០ម ចំនួន ០៥ខ្សែ។ ៤) ក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ស្ថាបនាមហាវិថីរាមលេខ ៤៥ និងវិថីមិត្តភាពកម្ពុជា-រុស្សី លេខ ៧០៥ ប្រវែងសរុប ១១.៦០៣ម ចំនួន ០២ខ្សែ ។៥) ក្រុមហ៊ុន សារជីវកម្ម ពិស្ណុការ ស្ថាបនាខ្សែផ្លូវលេខ ៤, ៦, ១២, ៧.១៧, ១៨. ១៩, ២០, ១១ ប្រវែងសរុប ១២.៥៧២ម. ចំនួន ០៩ខ្សែ ។ ៦) ក្រុមហ៊ុន SCE ស្ថាបនាវិថីចំណោតអូរត្រាវ លេខ ៤៩ ប្រវែងសរុប ៦.៥០៦ម ចំនួន ១ខ្សែ និង ៧) ក្រុមហ៊ុន VT ស្ថាបនាផ្លូវលេខ ១១៥, ១៣៥, ១០២, ១២៦, ៥០២ ប្រវែងសរុប ៥.៥៦២ម ចំនួន ០៥ ខ្សែ៕

 

ប្រភព៖ ក្រសួងបរិស្ថាន