អន្តរជាតិ November 8, 2019 Khmernote
ក្តាមព្រិលទឹកកកមួយក្បាលត្រូវបានគេដាក់លក់ដេញថ្លៃ រហូតដល់តម្លៃជាង ៤ ម៉ឺនដុល្លារក្នុងមួយក្បាល

ជប៉ុន៖ ក្តាមមួយក្បាលត្រូវបានគេដាក់លក់ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកគឺមានតម្លៃរហូតដល់ ៦លានយ៉េន (ប្រហែល ៤៦ ១២៥ ដុល្លារអាមេរិក) ឯណោះ។ ក្តាមដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោកនេះមានឈ្មោះថា Snow Crab (ក្តាមព្រិលទឹកកក) ជាប្រភេទក្តាមកម្រដែលគេអាចរកបាននៅក្នុងរដូវរងានៅក្នុងប្រទេសជប៉ុនដែលស្ថិតនៅចន្លោះពីខែវិឆ្ឆិកាដល់ខែមិនាតែប៉ុណ្ណោះ។ ក្តាមកម្រមួយមួយក្បាលនេះត្រូវបានដាក់លក់តាមរយៈការដេញថ្លៃមួយដែលបានរៀបចំឡើងនៅក្នុងក្រុង Tottori នៃប្រទេសជប៉ុន។

<

ក្តាមព្រិលទឹកកកនេះជាក្តាមឈ្មោល មានទំងន់ ១.២គីឡូក្រាម និងមានប្រវែងដល់ទៅ ១៤.៦សង់ទីម៉ែត្រ ហើយអ្នកដែលមានសំំណាងក្លាយជាម្ចាស់ក្ដាមដ៏ពិសេសមួយនេះគឺជាភោជនីយដ្ឋានបម្រើអាហារជប៉ុនមួយកន្លែងដែលមានឈ្មោះថា Ginza មានទីតាំងស្ថិតនៅក្នុងក្រុងតូក្បូ។ សូមបញ្ជាក់ជូនថា និន្នាការនៃការដេញថ្លៃអាហារកម្រថ្លៃៗបានកើតឡើងជារឿយនៅក្នុងប្រទេសជប៉ុន តួយ៉ាងកាលពីពេលថ្មីៗនេះមានផ្លែត្រសក់ស្រូវ Yubari Melon មួយគូត្រូវបានគេលក់ក្នុងតម្លៃ ៤៦ ១២០ ដុល្លារអាមេរិក ហើយត្រីធូណាមួយក្បាលត្រូវបានគេលក់ក្នុងតម្លៃរហូតដល់ ៣ ០៧៤ ៤០០ ដុល្លារអាមេរិកទៀតផង៕

អត្ថបទ៖ ភក្តី