អន្តរជាតិ November 8, 2019 lyda
អត្ថប្រយោជន៌សុខភាព ១០យ៉ាង ដែលអ្នកនឹងទទួលបានពីការឱបគ្នា

១. ការឱបជួយអ្នកឱ្យមានការទំនាកទំនងគ្នាតាមផ្លូវចិត្ត ដែលពាក្យសម្ដីធម្មតាមិនអាចពណ៌នាបាន៖ យោងតាមចិត្តវិទូ Danielle Forshee បាននិយាយថា មិនថាជាអ្វីក៏ដោយ! នៅពេលដែលរាងកាយមនុស្សប៉ះគ្នា ពួកគេនឹងមានទំនាក់ទំនងគ្នាបានល្អជាងធម្មតា។ ការប៉ះគឺជាញាណដំបូងបង្អស់ មុនពេលដែលការគិតផ្សេងទៀងផុសចេញឡើង។

២. ការឱបការពារអ្នកពីជំងឺទាក់ទងនឹងភាពស្ត្រេស៖ ពិតណាស់ដែលថាញ៉ាំផ្លែប៉ោមមួយរៀងរាល់ថ្ងៃធ្វើឱ្យមានសុខភាពល្អ ប៉ុន្តែវានឹងកាន់តែល្អបើបូករួមទាំងការឱប។ ការសិក្សាដែលបោះពុម្ពផ្សាយដោយ Carnegie Mellon បានរកឃើញថា វាមានទំនាក់ទំនងរវាងការឱប និងប្រព័ន្ធភាពស៊ាំរបស់យើង ដូច្នេះការឱបគឺសំខាន់ផងដែរ សម្រាប់សុខភាពរាងកាយរបស់យើង។

<

៣. ឱបជំនួយដល់ការបំពេញមុខងារ៖ កាលពីឆ្នាំ២០១៩ កាសែត The New York Times បាននិយាយថា អត្តពលិកបង្ហាញសមត្ថភាពបានល្អនៅពេលដែលមានការ​ប៉ះរាងកាយគ្នា (ឱប) ។ របាយការក៏បាននិយាយដែរថា ភាគច្រើនក្រុមដែលឈ្នះច្រើនតែមានភ្ជាប់ទំនាក់ទនងល្អ ដែលគេហៅថា “touch-bonding” ជាមួយគ្នា។

៤. ឱបជួយអ្នកកុំឱ្យស្ទាក់ស្ទើរក្នុងការនិយាយ៖ ការសិក្សាដោយវេជ្ជសាស្ត្រអាកប្បកិរិយាបានរកឃើញថា នៅពេលដែលអ្នកនិយាយជាសាធារណៈបានឱបដៃកូរបស់ពួកគេឱ្យបាន ២០វិនាទី នោះពួកគេនឹងអាចកាត់បន្ថយភាពភ័យជាងអ្នកដែលមិនមានទម្លាប់នេះទាល់តែសោះ។

៥. ឱបអាចបន្ថយកម្រិតអរម៉ូន cortisol ៖ វាជួយកាត់បន្ថយអរម៉ូន cortisol ដែលត្រូវបានគេស្គាល់ថាជាអរម៉ូនស្ត្រេស។ មិនថាជាការឱបនោះទេ សូម្បីការប៉ះពាល់ខ្លួនក្នុងនាមជាមិត្ត, ជាទំនាក់ទំនងផ្នែករាងកាយមនុស្ស ដែលមិនចំពោះតែរឿងស្នេហា សុទ្ធតែជួយដល់អរម៉ូនស្ត្រេសនេះ។

៦. ឱបបង្កើនអុកស៊ីតូស៊ីនដោយធម្មជាតិ៖ ការពិតអុកស៊ីតូស៊ីននេះគឺជាអរម៉ូនឱបរឹតស្រាប់ទៅហើយ ប៉ុន្តែអ្វីដែលល្អនោះគឺនៅត្រង់ថា វាជួយឱ្យដៃគូមានភាពទុកចិត្ត ការលះបង់ និងមានទំនាក់ទំនងរឹងមាំឱ្យគ្នា។

៧. ឱបរំសាយភាពសោកសៅ៖ សមាគមន៍វិទ្យាសាស្ត្រចិត្តវិទ្យាបានរកឃើញថា មនុស្សដែលងាយនឹងមានអារម្មណ៍ភ័យរន្ធត់ និងខ្លាចការស្លាប់ គួរតែត្រូវបានលួងលោមដោយការឱបនេះដើម្បីជួយពួកគេ។

៨. ឱបក៏ជួយឱ្យកាត់បន្ថយភាពឈឺចាប់៖ ការឱបអាចកាត់បន្ថយការឈឺចាប់តាមវិធីមួយចំនួន។ ទីមួយគឺដោយការបញ្ចេញអរម៉ូន endorphins ដែលរារាំងផ្លូវឈឺចាប់ ហើយទីពីរគឺដោយធ្វើឱ្យប្រសើរឡើងនូវចលនាឈាមរត់ដែលបំបាត់ការឈឺចាប់។

៩. ការឱបជួយអ្នកមិនឱ្យមានអារម្មណ៍ថាឯកោ៖ សព្វថ្ងៃនេះបណ្ដាញសង្គមកំពុងធ្វើឱ្យមនុស្សឃ្លាតឆ្ងាយពីគ្នា មិនមានទំនាក់ទំនងផ្ទាល់ជាមួយគ្នានោះទេ។ ដូច្នេះវាមិនល្អសម្រាប់នោះទេ ព្រោះថាវាដូចជាអ្នកកំពុងចេញឆ្ងាយពីមនុស្សដែលនៅក្បែរអ្នក។ ការឱបដ៏កក់ក្ដៅនឹងធ្វើឱ្យអ្នករំលាសអារម្មណ៍បែបនោះបាន មុនពេលដែលអ្នកធ្លាក់ខ្លួនទៅជាមានបញ្ហាផ្លូវចិត្តផ្សេងៗទៀត។

១០. ឱបជួយឱ្យអ្នកអាចដោះស្រាយជម្លោះចាស់ៗ៖ តើអ្នកធ្លាប់មានរឿងចាស់មួយបន្ទាប់ពីមានបញ្ហាជាមួយនរណាម្នាក់ក្នុងជីវិតរបស់អ្នកទេ? ការសិក្សាថ្មីៗនេះទៅលើមនុស្ស ៤០០នាក់ ក្នុងរយៈពេល ២សប្តាហ៍ បានរកឃើញថា ការទទួលបានការឱបបន្ទាប់ពីមានជម្លោះអាចជួយបំបាត់អារម្មណ៍មិនល្អទាំងនោះ។ ដូច្នេះនៅពេលក្រោយអ្នកមានភាពរីករាយជាមួយមិត្ដភក្ដិ កុំចាកចេញដោយគ្មានការឱបក្រសោបដ៏កក់ក្តៅដាក់គ្នា៕

អត្ថបទ៖ លីដា