PR November 8, 2019 choung samrith
កម្មវិធីតាំងបង្ហាញផលិតផលចំណីអាហារដ៏ល្អផ្តាច់គេរបស់ប្រទេសកូរ៉េ​​ ក្នុងព្រះរាជពិធីបុណ្យអុំទូកប្រចាំឆ្នាំ ២០១៩!

ភ្នំពេញ៖ កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ (aT Korea Agro-Fisheries and Food Trade Corporation) បានសហការជាមួយគ្នាក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលដ៏មានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកដែលនឹងប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ។

លោកស្រី Kim Chae-EUN ដែលជានាយកគ្រប់គ្រងទូទៅបានមានប្រសាសន៍ថាក្រុមហ៊ុនរបស់គាត់គឺជាក្រុមហ៊ុនល្បីឈ្មោះមួយដែលប្រជាជនកម្ពុជាបានស្គាល់ច្រើនពីហើយក៏ជាក្រុមហ៊ុនដែលមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសពិធីបុណ្យធំៗជាច្រើនផងដែរ។ ជាការពិតណាស់ព្រះរាជពិធីបុណ្យអុំទូកគឺជាពិធីបុណ្យដ៏សប្បាយរីករាយជាទីបំផុតសម្រាប់ប្រជាជនខ្មែរទូទាំងប្រទេសដែលមានការជួបជុំគ្នាពីគ្រប់បណ្តាខេត្តទូទាំងប្រទេសមកដើរលេងកម្សាន្តក្នុងរាជធានីភ្នំពេញ។ ដោយមើលឃើញបែបនេះហើយទើបក្រុមហ៊ុនរបស់លោកស្រីចង់ចូលរួម និងចង់ក្លាយជាផ្នែកមួយក្នុងការណែនាំផលិតផលដែលមានគុណភាពល្អបំផុតរបស់ប្រទេសកូរ៉េ និងលំដាប់ពិភពលោកដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកនេះក្រុមហ៊ុន aT Korea នឹងធ្វើការបង្ហាញផលិតផលកូរ៉េដែលមានគុណភាពល្អបំផុត និងទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ក្នុងទីផ្សារមានដូចជា៖ យិនស៊ិន, ស្រាធម្មជាតិប្រពៃណីកូរ៉េ Makgeolli, ភេសជ្ជៈខូឡាជេន, និងភេសជ្ជៈប៉ូវកម្លាំង Vita ដែលផលិតផលទាំងអស់នេះនឹងដាក់លក់ និងបង្ហញជូនក្នុងស្តង់ដែលមានឈ្មោះថា “NhamNham Ahha Korea” ។ សូមបញ្ជាក់ថាអតិថិជនទាំងអស់ដែលបានទស្សនាស្តង់អាហារ និងផលិតផលកូរ៉េចំនួន ៣ ស្តង់ នឹងទទួលបានកញ្ចប់កាដូដ៏ពិសេសដោយឥតគិតថ្លៃ។ ក្រៅពីការភ្លក់ម្ហួបអាហារកូរ៉េក្រុមហ៊ុន aT Korea នឹងមានកម្មវិធីបង្រៀនសរសេរ និងបង្ហាញអក្សរកូរ៉េជូនអតិថិជនដែលមានបំណងចង់រៀនពីសិល្បៈក៏ដូចជាទទួលបានបទពិសោធន៍ជាលើកដំបូងក្នុងការស្លៀកសម្លៀកបំពាក់ប្រពៃណីកូរ៉េដែលយើងតែងតែឃើញក្នុងខ្សែភាពយន្តភាគកូរ៉េរាល់ថ្ងៃផងដែរ។

លោកស្រី Kim Chae-Eun ក៏បានបន្ថែមទៀតថាប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសដែលពិភពលោកស្គាល់ច្បាស់តាមរយៈក្រុមតារាចម្រៀង និងសម្តែង Kpop ហើយអ្វីដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជាយើងបានស្គាល់ និងចងចាំប្រទេសកូរ៉េខាងត្បូងកាន់តែច្បាស់ទៀតនោះគឺតាមរយៈផលិតផល និងអាហារកូរ៉េនេះតែម្តង។ សូមបញ្ជាក់ផងដែរថាក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះគឺជាពេលវេលាដ៏ពិសេបំផុតសម្រាប់លោកស្រីក៏ដូចជាប្រទេសកូរ៉េខាងត្បូងដើម្បីចែករំលែក និងបង្ហាញផលិតផលចំណីអាហារដែលមានគុណភាពល្អ, មានរសជាតិឆ្ងាញ់, ល្អចំពោះសុខភាពហើយប្រជាជនកូរ៉េទូទាំងប្រទេស និងគ្រប់ប្រទេសទូទាំងពិភពលោកចូលចិត្តទទួលទានផងដែរ។

គួររំឭកផងដែរថាមានក្រុមហ៊ុនកូរ៉េប្រមាណជាង ១០០ ក្រុមហ៊ុន បានចូលរួមក្នុងការដាក់លក់ជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេសផងដែរ។ ជាងនេះទៅទៀតនៅជុំវិញស្តង់នៃការដាក់បង្ហាញផលិតផលកូរ៉េរបស់យើងនេះក៏មានឆាកប្រគំតន្ត្រីផងដែរ។ ដូច្នេះអតិថិជនទាំងអស់នឹងមានភាពកាន់តែសប្បាយរីករាយក្នុងឱកាសពិធីបុណ្យអុំទូកនេះ។

ជាចុងក្រោយលោកស្រី Kim Chae-Eun ក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា “ចំណីអាហារគឺមិនគ្រាន់តែជួយដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវបរិយាកាសដ៏រីករាយ, និងអនុស្សាវរីយ៍ផ្អែមល្ហែមជាមួយនឹងមិត្តភក្តិក៏ដូចជាក្រុមគ្រួសារផងដែរ ហើយវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការរឹតចំណងមិត្តភាព និងសាមគ្គីភាពឱ្យកាន់តែប្រសើរឡើងផងដែរ”។

<