អន្តរជាតិ November 14, 2019 Khmernote
សាលារៀននៅហុងកុងទាំងអស់ត្រូវបង្ខំចិត្តបិទទ្វារដើម្បីសុវត្ថិភាពសិស្ស នៅពេលដែលទីក្រុងនេះមានការប៉ះទង្គិចដ៏អាក្រក់បំផុតរវាងប៉ូលីស និងអ្នកតវ៉ាប៉ុន្មានថ្ងៃមកនេះ

សាលារៀនទាំងអស់នៅហុងកុងនឹងត្រូវបិទទ្វារនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែការប៉ះទង្គិចគ្នារវាងប៉ូលីស និងក្រុមអ្នកតវ៉ានៅតែបន្ដ។ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល បានឆ្លើយតបនឹងការប្លុកចរាចរបណ្ដាញសង្គមរបស់រដ្ឋាភិបាល ដោយធ្វើឱ្យរំខានដល់សេវាកម្មរថយន្តក្រុង និងរថភ្លើងក្រោមដីនៅក្នុងទីក្រុងចាប់តាំងពីថ្ងៃច័ន្ទ។ រដ្ឋាភិបាលហុងកុងបានសម្រេចបិទសាលាទាំងអស់ចាប់ពីមត្តេយ្យដល់វិទ្យាល័យនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធានាសុវត្ថិភាពដល់សិស្ស។

សាកលវិទ្យាល័យមួយចំនួនក៏ត្រូវបិទផងដែររួមទាំងសាកលវិទ្យាល័យចិនហុងកុង ដែលជាកន្លែងមានការប៉ះទង្គិចគ្នាដោយអំពើហឹង្សាបានកើតឡើងកាលពីថ្ងៃអង្គារ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា និស្សិតមកពីតៃវ៉ាន់ក៏កំពុងចាប់ផ្តើមចាកចេញពីហុងកុងដែរ។ អំពើហឹង្សាបានបន្តនៅល្ងាចថ្ងៃពុធនៅឧបទ្វីបកូវូន និងនៅតាមតំបន់លំនៅដ្ឋានជាយក្រុង ដោយយុវជនស្លៀកពាក់ខ្មៅបោះវត្ថុនៅលើផ្លូវថ្មើរជើង និងរៀបចំបិទផ្លូវ។ មានការអំពាវនាវជាច្រើនទៀតចំពោះការរំខានចរាចរណ៍កាលពីថ្ងៃព្រហស្បតិ៍៕

អត្ថបទ៖ លីដា