បច្ចេកវិទ្យា November 14, 2019 Khmernote
ឆាប់ៗខាងមុខ Facebook ទំនងជាឈប់បង្ហាញចំនួនអ្នក LIKE លើ post ទៀតហើយ

មកដល់ពេលនេះគ្រប់គ្នាបានដឹងហើយថា ហ្វេសប៊ុកគឺជាបណ្តាញសង្គមយក្ស ដែលទទួលបានជោគជ័យបំផុត។ បណ្តាញសង្គមយក្សនេះមានគោលដៅតែមួយគត់ គឺផ្តោតសំខាន់ជាពិសេសទៅលើជីវិតរបស់អ្នកប្រើប្រាស់គ្រប់គ្នា។ ហ្វេសប៊ុកចង់ធ្វើឲ្យជាមិត្តភ័ក្តដ៏ជិតស្និទ្ធបំផុតជាមួយនឹងមនុស្សគ្រប់គ្នា និងចែករំលែកសកម្មភាពឬសមិទ្ធិផលប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ទៅកាន់ពិភពលោកទាំងមូល។

អ្វីដែលខ្លួនបានជោគជ័យបំផុតនោះគឺតាមរយៈមុខងារមូលដ្ឋានរបស់វាគឺ LIKE និង Comment ដែលមានរយៈកាលជិត១០ឆ្នាំមកហើយមុនការទំនាក់ទំនងគ្នាតាមរយៈមុខងារសន្ទនាគ្នា Messenger បានកើតឡើង ដែលធ្វើឲ្យគ្រប់គ្នាកាន់តែស្ថិតនៅក្បែរគ្នាបំផុត។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីចំនួន LIKE និង Comment ដ៏ច្រើនឥតគណនាកំពុងធ្វើឲ្យខ្លួនកាន់តែមានប្រជាប្រិយតែសម្រាប់មនុស្សល្បីៗមួយចំនួនខណៈដែលអ្នកប្រើប្រាស់ធនមធ្យម និងធម្មតាបែរជានាំគ្នាប្រជែងប្រណាំងគ្នា ដើម្បីទាក់ទាញយក LIKE និង Comment ទៅវិញ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះឥឡូវនេះហ្វេសប៊ុកកំពុងចាប់ផ្តើមការងារពិសោធន៍ដកយកចំនួន LIKE និង Comment នេះចេញពីបណ្តាញសង្គមរបស់ខ្លួន។ កម្មវិធីគំរូដែលដំណើរការការកែលម្អចុងក្រោយត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវ Jane Manchun Wong ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយពីហ្វេសប៊ុកនៅឡើយទេ។

ចំណែកឯនៅក្នុងប្រទេសមួយចំនួនដូចជាអូស្ត្រាលី ប្រេស៊ីល កាណាដា អៀរឡង់ អ៊ីតាលី ជប៉ុន និងញូវសឺឡេន ហើយបណ្តាញសង្គម Instagram ដែលជាក្រុមហ៊ុនកូនរបស់ហ្វេសប៊ុកនោះបានធ្វើតេស្តដូចគ្នានេះផងដែរធ្វើយ៉ាងណា ដើម្បីឲ្យអ្នកប្រើប្រាស់ផ្តោតសំខាន់តែទៅលើអត្ថន័យនៃការបង្ហោះព័ត៌មានមិនមែនជាចំនួននៃការវាស់វែងបច្ចុប្បន្ននេះឡើយ៕

អត្ថបទ៖ Lee