សុខភាព November 15, 2019 Khmernote
មនុស្សរាប់ពាន់នាក់ ត្រៀមតេស្តសាក​វ៉ាក់សាំងជំងឺអេដស៍ ​

ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៩ ខាងមុខ មនុស្ស​រាប់​ពាន់នាក់ នៅ​អឺរ៉ុប និង​អាមេរិក នឹង​តេស្ដ​សាកល្បង​វ៉ាក់សាំង​ជំងឺ​អេដស៍ ដែល​នេះ​ជា​ការ​តេស្ត​សាកល្បង​លើក​ទី៣ ក្រោយ​ការ​តេស្ដ​សាកល្បង ២​លើក​កន្លង​មក ទទួល​បាន​លទ្ធផល​វិជ្ជមាន។

ក្រុមហ៊ុន​ផលិត​ឱសថ Johnson & Johnson នឹង​រៀបចំ​ការ​តេស្ដ​សាកល្បង​វ៉ាក់សាំង​នេះ នៅ​ក្នុង​ប្រទេស​ចំនួន ៨ ដោយ​មាន​អ្នកចូលរួម​ចំនួន ៣.៨០០​នាក់។ ក្នុង​នោះ អ្នកចូលរួម​ក្នុង​ការ​តេស្តសាកល្បង​ចំនួន​ពាក់កណ្ដាល នឹង​ត្រូវ​ទទួល​ការ​ចាក់ថ្នាំ ៤​ដង/ឆ្នាំ និង​ពាក់កណ្ដាល​ទៀត នឹង​ទទួល​ការ​លេបថ្នាំ។ វ៉ាក់សាំងនេះ ផលិត​ពី​វីរុស​មិន​បង្ក​ជំងឺ និង​ហ្សែន​មេរោគ​អេដស៍។

អ្នកវិទ្យាសាស្ត្រ រំពឹង​ថា អ្នកចូលរួម ៦៥% នឹង​ទទួល​បាន​ការ​ការពារ​ពី​វ៉ាក់សាំង ហើយ​លទ្ធផល​ការ​តេស្តសាកល្បង​នេះ នឹង​ចេញផ្សាយ​នៅ​ឆ្នាំ​២០២៣ ខាងមុខ។

គួរបញ្ជាក់​ថា ការ​តេស្ដ​សាកល្បង​វ៉ាក់សាំង​ការពារ​ជំងឺ​អេដស៍ លើក​ទី១ បាន​ធ្វើឡើង​លើ​សត្វ ដោយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន ២/៣។ បន្ទាប់​មក​ទៀត ការ​តេស្ដ​សាកល្បង​វ៉ាក់សាំង​នេះ បាន​ធ្វើឡើង​ពលរដ្ឋ​អាហ្វ្រិក ២.៦០០​នាក់ ក្នុង​ប្រទេស​ចំនួន៥ នៅ​ឆ្នាំ​២០១៧។ ការ​តេស្ដសាកល្បង​លើ​ពលរដ្ឋ​អាហ្វ្រិក ក៏​ទទួល​លទ្ធផល​វិជ្ជមាន និង​សុវត្ថិភាព​ផងដែរ។ ជំងឺ​អេដស៍ បាន​កើតឡើង​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៨០ ហើយ​ជំងឺ​នេះ បាន​សម្លាប់​មនុស្ស​ជិត ១​លាន​នាក់ នៅ​ទូទាំង​ពិភពលោក ជារៀង​រាល់​ឆ្នាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

ផ្តល់សិទ្ធិដោយ៖ helloគ្រូពេទ្យ