អន្តរជាតិ November 15, 2019 lyda
ក្រុមហ៊ុន Nike ផលិតស្បែកជើង Air Zoom Pulse គ្មានខ្សែងាយស្រួលដោះដូរ យ៉ាងពិសេសសម្រាប់បុគ្គលិកពេទ្យ

ស្បែកជើងប៉ាតាស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Nike បង្ហាញពីការគោរពចំពោះបុគ្គលិកពេទ្យដែលឧស្សាហ៍ព្យាយាម ហើយពួកគេគឺសមនឹងទទួលបានស្បែកជើងនេះ។ ក្រុមហ៊ុននេះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ស្បែកជើងនេះមានលក់ជាផ្លូវការនៅថ្ងៃទី០៧ ខែធ្នូ ឈ្មោះថា Nike Air Zoom Pulse ដែលជាការរចនាយ៉ាងពិសេសសម្រាប់គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិត និងអ្នកផ្តល់សេវាសុខភាពតាមផ្ទះ ដើម្បីឱ្យពួកគាត់មានភាពងាយស្រួលនៅក្នុងការងារច្រើនជាង ១២ម៉ោងរបស់ពួកគាត់។ ស្បែកជើងនេះគ្មាខ្សែនោះទេ ដែលវាងាយស្រួលក្នុងការដោះចេញ ហើយបាតរបស់វាគឺជាប្រភេទកៅស៊ូងាយស្រួលសម្អាត។

ក្រុមហ៊ុនបាននិយាយថា Air Zoom Pulse របស់ក្រុមហ៊ុន Nike ត្រូវបានបង្កើតឡើងយ៉ាងប្រុងប្រយ័ត្ន តាមរយៈការយល់ដឹងពីបុគ្គលិកពេទ្យនៅមន្ទីរពេទ្យកុមារ OHSU Doernbecher ដែលមានមូលដ្ឋាននៅទីក្រុង Portland ។ តាមរយៈការសាកល្បងផលិតផល និងវគ្គស្រាវជ្រាវ យីហោនេះបានរកឃើញថា គិលានុបដ្ឋាយិកាដើរប្រហែល ៤ ទៅ ៥ម៉ាយល៍ ហើយអង្គុយតិចជាងមួយម៉ោងក្នុងអំឡុងពេលមានវេនយាមដ៏យូររបស់ពួកគេ។ មាន ៧ម៉ូដឱ្យជ្រើសរើស ហើយមាន ៦ម៉ូដត្រូវបានរចនាដោយអ្នកជំងឺ។ ក្រុមហ៊ុនមួយបាននិយាយថា ថវិកាចំនួន ១០០% នៃកញ្ចប់នីមួយៗនៃម៉ូដទាំង ៦ប្រភេទនេះ នឹងត្រូវប្រគល់ទៅឱ្យមន្ទីរពេទ្យកុមារ OHSU Doernbecher ទាំងអស់៕

អត្ថបទ៖ លីដា