អន្តរជាតិ November 15, 2019 lyda
បុរសម្នាក់ញៀនលេងហ្គេមទូរស័ព្ទដាច់យប់ច្រើនពេករហូតដល់ភ្នែកមួយចំហៀងមើលអីលែងឃើញ

ចិន៖ បុរសដែលញៀននឹងការលេងហ្គេមម្នាក់ត្រូវបានគេរាយការណ៍ថា ភ្នែកមួយចំហៀងមើលអីលែងឃើញ ក្រោយពីរូបគាត់អនុវត្តទម្លាប់ដ៏អាក្រក់មួយគឹចំណាយពេលលេងហ្គេមដាច់យប់ស្ទើរតែរាល់ថ្ងៃ និងត្រូវក្រោកពីព្រលឹមទៅធ្វើការងារជាប្រចាំទៀតផង។ ជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ ដោយគ្រាន់បញ្ជក់ថាគាត់ជាជនជាតិចិន រស់នៅក្នុងតំបន់ Shenzhen Songgang ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនដំបូងរូបគាត់ចេះមានបញ្ហាស្រវាំងភ្នែក ហើយបើទោះជារូបគាត់បានព្យាយាមប្រើប្រាស់ថ្នាំបន្តក់ភ្នែកយ៉ាងទៀតទាត់ក៏នៅតែមិនធូរស្រាលឡើយ ហើយស្រាប់តែពេលថ្មីៗនេះភ្នែកខាងឆ្វេងរបស់គាត់ត្រូវមើលអ្វីលែងឃើញទាំងស្រុងតែម្តង។

វេជ្ជបណ្ឌិតឯកទេសភ្នែកបានពន្យល់ស្ថានភាពនេះថា ដោយសារតែជនរងគ្រោះប្រើប្រាស់ភ្នែកសម្លឹងមើលហ្គេមទូរស័ព្ទខ្លាំងពេករហូតសរសៃរ៉េទីននៅក្នុងភ្នែកខាងឆ្វេងរបស់គាត់ត្រូវបាកបែកធ្លាយ និងបង្កឲ្យមានកំណកមកបាំងនៅពីមុនប្រស្រីភ្នែក ទើបធ្វើឲ្យភ្នែកឆ្វេងរបស់គាត់មើលអ្វីមិនឃើញ។ យ៉ាងណាក្តី វេជ្ជបណ្ឌិតបានឲ្យដឹងថា បញ្ហានេះអាចព្យាបាលឲ្យជាសះស្បើយវិញបាន តែត្រូវការពេលវេលាយូរបន្តិច។ សូមបញ្ជាក់ជូនថា នេះមិនមែនជាករណីទី១ ឡើយ ដែលអ្នកញៀននឹងការលេងហ្គេមមានបញ្ហាភ្នែក ឬបញ្ហាសុខភាពផ្សេងៗនោះ ដូចនេះហើយដើម្បីរក្សាខុសភាពឲ្យបានល្អប្រសើសុំលោកអ្នកកាត់បន្ថយការការសម្លឹងមើលទូរស័ព្ទឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន៕

អត្ថបទ៖ភក្តី