បច្ចេកវិទ្យា November 19, 2019 lyda
ចិនបង្អួតសមត្ថភាពប្រើពន្លឺចេញពី Drone ៨០០ គ្រឿងបង្កើតជារូបរាងយន្តហោះដ៏អស្ចារ្យបំផុត

ស្របពេលដែលកាំជ្រួចច្រើនតែត្រូវបានគេបាញ់បង្ហោះនៅពេលមានកម្មវិធីធំៗ ប្រទេសចិនគឺកំពុងរស់នៅក្នុងពេលអនាគត។ ជាក់ស្ដែងថ្មីៗនេះពួកគេទើបតែបង្ហាញនូវបច្ចេកវិទ្យា ក៏ដូចជាភាពច្នៃប្រតិដ្ឋរបស់ខ្លួនយ៉ាងអស្ចារ្យ ជាមួយនឹងការបង្ហោះដ្រូន (drone) ចំនួន ៨០០គ្រឿង ផ្គុំចេញទៅជាយន្តហោះយ៉ាងធំនៅលើអាកាស។ វាជាការបង្ហាញខ្លួននៅក្នុងពិព័រណ៍ 2019 Nanchang Flight Convention ដែលដ្រូនត្រូវបានគេបង្ហោះជារូបឧទ្ធម្ភាគចក្រ យន្ដហោះ ក៏ដូចជាយន្តហោះចម្បាំង។ មួយវិញទៀតដោយសារតែវាត្រូវបានបង្ហោះនៅលើទន្លេផងនោះ ពន្លឺភ្លើងរបស់ដ្រូនបានចាំងទៅលើទន្លេ និងបន្ថែមសោភ័ណភាពបានមួយកម្រិតទៀត។

សន្និបាតការហោះហើរក្រុង Nanchang ឆ្នាំ២០១៩ ឬ 2019 Nanchang Flight Convention គឺជាពិព័រណ៍ទាក់ទងនឹងផ្លូវអាកាស ដែលត្រូវបានផ្តួចផ្ដើមដោយប្រទេសចិន។ មានយន្តហោះជាង ១០០គ្រឿង មកពីប្រទេសចិន និងប្រទេសដទៃទៀត ត្រូវបានដាក់តាំងពិព័រណ៍នៅឯសន្និបាតទាំងផ្នែកយោធា និងពាណិជ្ជកម្ម រាប់ចាប់ពីយន្តហោះការទូតដ៏អស្ចារ្យ រហូតដល់យន្តហោះចម្បាំងទំនើបៗ។ ប្រទេសចិនក៏បានប្រើពិព័រណ៍មួយនេះ ដើម្បីបង្ហាញសមត្ថភាពផ្លូវអាកាស ដំណើរអវកាស និងបច្ចេកវិទ្យាដ្រូនរបស់ខ្លួន បង្អួតទៅពិភពលោកផងដែរ។ យ៉ាងណាមិញដើម្បីចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាក្រោម៖

អត្ថបទ៖ លីដា