អន្តរជាតិ November 20, 2019 lyda
រកឃើញគ្រាប់បែកសាំងជិត ៤ ០០០ដប នៅក្នុងសាកលវិទ្យាល័យនៅហុងកុង បន្ទាប់ពីមានការប្រើហិង្សាដាក់គ្នាប៉ុន្មានថ្ងៃមកនេះ

ហុងកុង៖ ត្រឹមរយៈពេល ១ថ្ងៃ មានមនុស្សប្រហែល ១,១០០នាក់ ត្រូវបានចាប់ខ្លួន ខណៈដែលមន្រ្តីប៉ូលីសហុងកុងបានរកឃើញគ្រាប់បែកសាំងជាង ៣,៩០០ដប នៅឯសាកលវិទ្យាល័យចិនហុងកុង (CUHK) ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា អ្នកនាំពាក្យប៉ូលីសម្នាក់បាននិយាយថា គ្រាប់បែកសាំងទាំងនេះគឺបានមកដោយសារក្រុមបាតុករបានលួចយកសារធាតុគីមីគ្រោះថ្នាក់ ចេញពីមន្ទីរពិសោធន៍របស់សាកលវិទ្យាល័យចិនហុងកុង និងសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង (PolyU)។ គាត់ក៏បានសម្ដែងការព្រួយបារម្ភដែរថា នៅតាមសាកលវិទ្យាល័យនៅហុងកុងឥឡូវនេះ បានក្លាយទៅជារោងចក្រផលិតអាវុធយ៉ាងគួរឱ្យខ្លាច។

អ្នកនាំពាក្យបានបន្ថែមថា ក្រុមប៉ូលីសតែងចង់ដោះស្រាយជាមួយពួកគេដោយសន្តិវិធី ហើយពួកគេប្រើកម្លាំងលុះត្រាតែវាមានការតវ៉ាដោយហិង្សាពិបាកគ្រប់គ្រងប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា ក្រុមអ្នកតវ៉ារាប់សិបនាក់ដែលបានដាក់របាំងនៅខាងក្នុងសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង នៅតែបដិសេធមិនចុះចាញ់ប៉ូលីសនៅឡើយ ទោះបីជាត្រូវបានឡោមព័ទ្ធបីថ្ងៃជាប់ៗគ្នាក៏ដោយ។ ចំណែកមនុស្សទាំង ១,១០០នាក់ (ភាគច្រើនសុទ្ធតែមិនទាន់គ្រប់អាយុ) ត្រូវបានចាប់ខ្លួនដោយសារពួកគេប្រើហិង្សា និងកាន់កាប់អាវុធជាតិផ្ទុះ ត្រូវបានដោះលែងមកវិញហើយ បន្ទាប់ពីពួកគេបានប្រគល់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេទៅប៉ូលីស៕

អត្ថបទ៖ លីដា