បច្ចេកវិទ្យា November 20, 2019 Khmernote
អាមេរិកពន្យាពេលឲ្យ Huawei ៩០ថ្ងៃទៀត ដើម្បីរកស៊ីជាមួយក្រុមហ៊ុនរបស់អាមេរិក

នៅថ្ងៃអង្គារម្សិលមិញនេះ អាមេរិកបានសម្រេចប្រកាសពន្យាពេលថ្មីចំនួន៩០ថ្ងៃទៀត ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិកទាំងឡាយក្នុងការបន្តធ្វើជំនួញជាមួយក្រុមហ៊ុន Huawei របស់ចិនក្នុងពេលដែលកន្លងមកអាមេរិកបានបន្តសេចក្តីព្រាងច្បាប់ស្តីពីក្រុមហ៊ុនទូរគមនាគមន៍ដែលបង្កហានិភ័យសន្តិសុខជាតិក្តី។

រំលឹកដែរថា កាលពីខែឧសភាកន្លងមកអាមេរិកបានបញ្ចូលឈ្មោះ Huawei ទៅក្នុងបញ្ជីខ្មៅសេដ្ឋកិច្ចដោយលើកឡើងពីក្តីបារម្ភចំពោះសន្តិសុខជាតិខ្លួននោះ ប៉ុន្តែមកដល់សប្តាហ៍ចុងក្រោយនេះក្រសួងពាណិជ្ជកម្មអាមេរិកបានអនុញ្ញាតឱ្យខ្លួនទិញទំនិញ ដែលផលិតនៅអាមេរិកមួយចំនួនក្នុងការបន្តអាជ្ញាប័ណ្ណរយៈពេល ៩០ ថ្ងៃដោយខ្លួននិយាយថា មានគោលបំណងកាត់បន្ថយការរំខានដល់អតិថិជនរបស់ខ្លួនជាពិសេសប្រតិបត្តិការបណ្តាញនៅតាមជនបទអាមេរិក។

ឆ្លើយតបទៅនឹងការប្រកាសនេះក្រុមហ៊ុន Huawei បាននិយាយកាលពីថ្ងៃចន្ទថា ការបន្តអាជ្ញាប័ណ្ណលើកនេះដូចជាមិនមានផលប៉ះពាល់ច្រើនដល់អាជីវកម្មរបស់ក្រុមហ៊ុន Huawei ឡើយ។ ក្រុមហ៊ុនចិនមួយនេះបាននិយាយថា ការសម្រេចចិត្តនេះមិនបានផ្លាស់ប្តូរការពិត ដែលថាក្រុមហ៊ុន Huawei នៅតែបន្តត្រូវបានគេប្រព្រឹត្តដោយអយុត្តិធម៌នោះឡើយ៕

អត្ថបទ៖ Lee