Nissan Auto Tech November 22, 2019 lyda
Nissan បង្ហាញរថយន្ត Sentra ស៊េរីឆ្នាំ2020 ស្អាតជាងមុន និងកាន់តែទំនើបជាងមុន ឯតម្លៃវិញរំពឹងតែខ្ទង់២ម៉ឺនដុល្លារជាងប៉ុណ្ណោះ

រថយន្ត Nissan Sentra ស៊េរីឆ្នាំ2020 ទើបតែបានបង្ហាញខ្លួននៅមុនថ្ងៃពិព័រណ៍រថយន្ត Los Angeles ប្រចាំឆ្នាំ2019។ Nissan Sentra គឺជារថយន្ត Sedan ដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក ចាប់តាំងពីមានការបង្ហាញខ្លួនដំបូងនាឆ្នាំ1982 មកម៉្លេះ។ ការរចនាតាមតម្រូវការអតិថិជនសម័យថ្មីគឺវាមានសារៈសំខាន់ណាស់ ដូច្នេះទើបបានជានីសាន់រចនា Sentra ស៊េរីថ្មីនេះជាមួយនឹងការកែប្រែមិនថាជាផ្នែកខាងក្នុង ឬខាងក្រៅឱ្យកាន់តែទំនើបបន្ថែមទៀត។

Nissan Sentra ស៊េរីឆ្នាំ2020 ជំនាន់ទី8 នេះរាងទាបជាងស៊េរីចាស់ 2អ៊ីញ ប៉ុន្តែធំជាងមុន 2អ៊ីញ ។ ចំណែកប៉ាណាខាងមុខជាអក្សរ V, ចង្កៀងបំភ្លឺផ្លូវ LED, ដំបូងថ្លា និងគ្រឿបរិក្ខាផ្សេងៗទៀត សុទ្ធតែត្រូវបានកែលម្អ ដើម្បីឱ្យរថយន្តនេះកាន់តែមានភាពស្រស់ស្អាត ស៊ីវីល័យ និងទាន់សម័យកាល។ រថយន្តបំពាក់ជាមួយម៉ាស៊ីនចំណុះ 2.0លីត្រ (ស៊េរីចាស់គឺ 1.8លីត្រ) 4ស៊ីឡាំង មានកម្លាំងបង្វិល 146 lb-ft (197 Nm) និងថាមពល 149សេះ។

លក្ខណៈពិសេសនៃសុវត្ថិភាព Nissan Safety Shield 360 តាមស្តង់ដាររបស់ Nissan Sentra មានដូចជា៖ Automatic Emergency Braking with Pedestrian Detection, Rear Automatic Braking និង High Beam Assist ដែលសុទ្ធតែជាមុខងារសុវត្ថិភាព។ លើសពីនេះរថយន្ត Sentra ស៊េរីថ្មីនេះ មានបំពាក់នូវពោងសុវត្ថិភាពចំនួន 10, Rear Door Alert, Intelligent Forward Collision Warning និង Intelligent Driver Alertness ។ ប្រព័ន្ធ infotainment អេក្រង់ទំហំ 8អ៊ីញ ដែលអាចគាំទ្រ Apple CarPlay និង Android Auto ផងដែរ ក៏ដូចជាការរចនាផ្នែកខាងក្នុងផ្សេងៗទៀត។

ក្រុមហ៊ុន Nissan មិនទាន់ប្រកាសអំពីតម្លៃរបស់ រថយន្ត Sentra ស៊េរីឆ្នាំ2020 នេះនៅឡើយនោះទេ ប៉ុន្តែតម្លៃវាត្រូវបានគេរំពឹងថា អាចនឹងខ្ពស់ជាងម៉ូដែលឆ្នាំ 2019 បន្តិច ដែលម៉ូដែលមុនមានតម្លៃចាប់ពី $18,815 សម្រាប់ស៊េរី Base S។ រថយន្តNissan Sentra ស៊េរីឆ្នាំ2020 នេះនឹងដាក់លក់នៅទីផ្សារបរទេសដើមឆ្នាំ 2020 ខាងមុខនេះ៕

អត្ថបទ៖ លីដា