សង្គម November 27, 2019 Khmernote
“ភ្នំពេញអើយ បងនឹកអូន” ប្រលោមលោកខែរងាសម្រាប់អ្នកអត់គូ ល្បីលើអនឡាញ៤ឆ្នាំមុន ចេញលក់ហើយ

ទីបំផុត ភាគនិទានមនោសញ្ចេតនា “ភ្នំពេញអើយ បងនឹកអូន” ដែលល្បីលើអនឡាញកាលពីជាង ៤ ឆ្នាំមុន មានអ្នកមើលរាប់ម៉ឺននាក់នោះ ចេញលក់ជាសៀវភៅផ្លូវការហើយ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បន្ទាប់ពីធ្វើឲ្យហ្វេនរង់ចាំយ៉ាងអន្ទះសាតាំងពីខែកញ្ញា ក្រោយលេចធ្លាយរូបភាពក្របសៀវភៅ។ ប្រលោមលោកមនោសញ្ចេតនាត្រូវនឹងបរិយាកាសខែរងាសម្រាប់អ្នកអត់គូមួយនេះ និទានពីនិស្ស័យស្នេហ៍ចៃដន្យរវាង ឯករ៉េណា បងធំក្នុងសង្គមហក់លោត និង សៅ នីភា អ្នកគ្រូក្រមុំដ៏ស្រគត់ស្រគំ ដែលលេចពន្លកតាមផ្លូវ ច្រកឌឿងហែម ពេលដែលកំលោះក្រមុំមួយគូនេះកំពុងរត់គេចពីការតាមប្រមាញ់របស់អ្នកលេង។ ដោយសារតែការភាន់ច្រឡំលង់ចាញ់ល្បិចរបស់សុភាពបុរសក្លែងក្លាយ បងធំបានប្រែពីស្រលាញ់មកជាស្អប់ ចាប់បង្ខំប្រើកម្លាំងបាយលើស្រីស្អាត។ ប៉ុន្តែ ភាពបរិសុទ្ធនៃបេះដូងរបស់តរុណី បែរជាធ្វើឲ្យបងធំកាន់តែលង់ចាញ់ស្នេហ៍ ប្រែជាយល់ចិត្តស្រលាញ់លើសដើមទៅវិញ ទោះមានគំនុំប៉ុនមហាមេឃក៏ដោយ។

“ភ្នំពេញអើយ បងនឹកអូន” ជាស្នាដៃភាគដំបូងរបស់លោក លី សុផាត ដែលនិពន្ធអំឡុងពេលលោកកំពុងបម្រើការងារជាប្រធានផ្នែកគម្រោងប្រលោមលោក Sabay កាលពីដើមឆ្នាំ២០១៥ ដែលមានអ្នកចុចចូលអានរាប់ម៉ឺននាក់។ អ្នកនិពន្ធដែលបច្ចុប្បន្នជាប្រធានផ្នែកបណ្ដាញសង្គមនៅក្រុមហ៊ុនឯកជនមួយ បានប្រាប់ឲ្យដឹងថា៖ “ការពិតទៅ ខ្ញុំស្ទើរតែភ្លេចរឿងនេះបាត់ទៅហើយ ព្រោះរឿងហ្នឹងចេញផ្សាយលើអនឡាញតាំងពី ៤ មុនម្ល៉េះ ណាមួយ ខ្ញុំក៏រវល់ច្រើន អត់មានគម្រោងបោះពុម្ពផ្សាយអីដែរ រហូតដល់ខាង «តម្រា» [អ្នកបោះពុម្ព] បានទាក់ទងសុំសិទ្ធិយកទៅបោះពុម្ព ខ្ញុំក៏ភ្ញាក់ព្រើតពេលហ្នឹង។ បន្ទាប់ពីឃើញ «តម្រា» ចេញរូបក្របសៀវភៅ មានហ្វេនជាច្រើនចូលខមមិន ខ្ញុំអត់នឹកស្មានថាមានអ្នកនៅចាំស្នាដៃខ្ញុំច្បាស់ទាំងឈ្មោះតួអង្គទាល់តែសោះ។ សង្ឃឹមថា ស្នាដៃនេះអាចធ្វើអ្នកអានលង់អារម្មណ៍ជាមួយសាច់រឿង និងតួអង្គ ព្រមទាំងជឿថា និស្ស័យស្នេហ៍ពិត ពិតជាមានមែន”។

រឿង “ភ្នំពេញអើយ បងនឹកអូន” អ្នកអាចរកទិញដុំនៅផេក តម្រា (facebook.com/DomraOfficial) ឬតាមលេខទូរស័ព្ទ 012 472 003/098 565 323។ ឬទិញរាយតាមបណ្ដាហាងសៀវភៅ៖

• សម្រាប់អ្នកភ្នំពេញ
១. ហាងអនឡាញ Grey Universe
២. ហាង ស្រលាញ់សៀវភៅ #slanhseavphov
៣. បណ្ណាគារ បាក់ទូក
៤. ហាងអនឡាញ ភ្នំពេញ Terminal
៥. ហាងអនឡាញ Ahgogo
• សម្រាប់អ្នកបាត់ដំបង
បណ្ណាគារ ឥន្ទ្រទេវី – Indradevi Bookshop