អន្តរជាតិ December 2, 2019 lyda
មនុស្សប្រមាណ ៣,០០០នាក់ ទៅទស្សនារូងភ្នំថាំហ្លួងជារៀងរាល់ថ្ងៃ បន្ទាប់ពីរឿង “The Cave” ត្រូវបានចាក់បញ្ចាំងតាមរោងភាពយន្តទូទាំងប្រទេសថៃ

ថៃ៖ សព្វថ្ងៃរូងភ្នំថាំហ្លួង របស់ខេត្តឈៀងរ៉ៃ មានមនុស្សម្នាយ៉ាងច្រើនកុះករទៅទស្សនានៅទីនោះ បន្ទាប់ពីរឿង “The Cave” បានចាក់បញ្ចាំងនៅតាមរោងភាពយន្តនានាទូទាំងប្រទេសថៃ។ ខ្សែភាពយន្តនេះនិយាយអំពីការជួយសង្គ្រោះយ៉ាងលំបាកលំបិន ដែលក្មេងប្រុសចំនួន ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ បានជាប់គាំងនៅក្នុងនោះរយៈពេល ១៧ថ្ងៃ កាលពីឆ្នាំមុន។ របាយការណ៍បានឱ្យដឹងថា ជាមធ្យមមានមនុស្សប្រមាណ ៣,០០០នាក់ បានមកទស្សនារូងភ្នំនេះជារៀងរាល់ថ្ងៃ ហើយឧទ្យានជាតិ Thamluang Khunnam Nangnon មួយនេះក៏មានផ្តល់សេវារទេះរុញទៅដល់ច្រកចូលរូងភ្នំផងដែរ។

យោងទៅតាមមន្រ្តីឧទ្យានឱ្យដឹងថា ល្អាងបើកឱ្យចូលម្ដងតែ ៥០នាក់ ហើយពួកគេអាចត្រឹមថតរូប និងដើរកម្សាន្តបានម្ដងតែ ៥នាទី ប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា ល្អាងថាំហ្លួងត្រូវបានបើកជាផ្លូវការ កាលពីខែវិច្ឆិកា កន្លងទៅថ្មីៗនេះ ខណៈល្អាងពីរផ្សេងទៀតនៅក្បែរនោះ ក៏នឹងត្រូវបើកសម្រាប់ការសិក្សាធម្មជាតិនាពេលអនាគតផងដែរ។ ពោលគឺតាំងពីមានរឿងរ៉ាវក្មេងប្រុសទាំង ១២នាក់ និងគ្រូរបស់ពួកគេជាប់គាំងក្នុងនោះ ហើយបូករួមទាំងការសង្គ្រោះយ៉ាងពិបាកបំផុតពីក្រុមអ្នកមុជទឹក ដែលធ្វើឱ្យមានភាពល្បីល្បាញទូទាំងពិភពលោកមក វាធ្វើឱ្យតំបន់ល្អាងថាំហ្លួងនេះទាក់ទាញភ្ញៀវកាន់តែខ្លាំង។ រហូតមកទល់ពេលនេះមានមនុស្សសរុបប្រមាណជាជាង ១លាននាក់ ហើយដែលបានមកទស្សនាតំបន់នេះ៕

អត្ថបទ៖ លីដា