ព័ត៌មានជាតិ December 3, 2019 Khmernote
បាក់រលំប្លង់សេនៅវត្តប្រាសាទគោកចក ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភជនរងគ្រោះម្នាក់៣លានរៀល និងឧបត្ថម្ភអ្នកស្លាប់បាត់បង់ជីវិតចំនួន២០លានរៀល

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ១៤៖១៥នាទីរសៀល ថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩ មានករណីបាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ហើយក្រុមការងារក៏បានជួយសង្គ្រោះបានទាន់ពេលវេលា ដោយរុករកបានជនរងគ្រោះសរុបចំនួន ១៦នាក់ ក្នុងនោះស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១០។

ក្រោយពីទទួលបានព័ត៌មានដ៏សោកសង្រេងនេះរួចមក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៌បានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះឧបទ្ទេវហេតុ ដែលបានកើតឡើងនេះ ព្រមទាំងបានឧបត្ថម្ភថវិកាដល់គ្រួសារសព និងជនរងគ្រោះទាំង ១៦នាក់ នេះផងដែរ តាមរយៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តដែលដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក្នុងនោះជនរងគ្រោះចំនួន ១៣នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល ចំណែកគ្រួសារសពចំនួន ៣នាក់ ក្នុងមួយគ្រួសារទទួលបានថវិកា ២០លានរៀល។

ក្នុងនោះដែរឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ក៌បានឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងមួយនាក់ទទួលបានថវិកា ១០០$ និងជនរងគ្រោះម្នាក់ដែលបានធ្វើការព្យាបាលនៅរាជធានីភ្នំពេញ ទទួលបានថវិកា ៣០០$ និងគ្រួសារសពក្នុងមួយគ្រួសារទទួលបានថវិកា ៣០០$ ផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប