Lionel Messi ឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី៦
កីឡា December 3, 2019 lyda

កីឡាករ Lionel Messi វ័យ ៣២ឆ្នាំ របស់ក្លឹបអ្នកមានបុណ្យ Barcelona បានឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ២០១៩ កាលពីរាត្រីថ្ងៃចន្ទនេះ ដែលធ្វើឱ្យវាក្លាយជាកំណត់ត្រានៃការឈ្នះទី៦ របស់គាត់។ ដើមឡើយទាំង Lionel Messi និង Cristiano Ronaldo បានឈ្នះពានរង្វាន់នេះម្នាក់ ៥ដង ប៉ុន្តែពេលនេះ Messi បាននាំមុខវិញ។ សម្រាប់ឆ្នាំនេះផ្ទាល់ Messi បាននាំមុខគូប្រជែងសំខាន់បំផុត គឺកីឡាករ Virgil Van Dijk ដែលជាអ្នកបានជួយឱ្យក្លឹប Liverpool ឈ្នះជើងឯក Champions League កាលពីរដូវកាលមុន។

ថ្លែងក្នុងពិធីប្រគល់ពាន Messi បាននិយាយថា​៖ “រយៈពេល ១០ឆ្នាំមកហើយ ចាប់តាំងពីខ្ញុំបានឈ្នះពានរង្វាន់ Ballon d’Or លើកទី១ របស់ខ្ញុំនៅឯទីក្រុងប៉ារីស ហើយខ្ញុំចាំថាបានមកទីនេះជាមួយបងប្អូនប្រុសរបស់ខ្ញុំទាំង ៣នាក់ កាលនោះខ្ញុំមានអាយុ ២២ឆ្នាំ ហើយវាពិតជារឿងនឹកស្មានមិនដល់ សម្រាប់អ្វីដែលខ្ញុំបានឆ្លងកាត់”។ គាត់បន្ថែមថា៖ “ពេលនេះវាកន្លងមក ១០ឆ្នាំហើយ ជាមួយនឹងពានរង្វាន់ទី៦ របស់ខ្ញុំ នៅក្នុងពេលវេលាផ្ទាល់ខ្លួនយ៉ាងពិសេសជាមួយប្រពន្ធ និងកូន ៣នាក់ របស់ខ្ញុំ។ ខ្ញុំដឹងអំពីអាយុកាលរបស់ខ្ញុំ ប៉ុន្តែខ្ញុំសង្ឃឹមថាខ្ញុំនៅសល់ពេលច្រើនឆ្នាំទៀត ដើម្បីបន្តរីករាយនឹងបាល់ទាត់ និងជោគជ័យបែបនេះទៀត”៕

អត្ថបទ៖ លីដា