Nissan GT-R50 Italdesign Limited Edition បង្ហាញរូបរាងជាផ្លូវការហើយ ជាមួយនឹងតម្លៃជាង ១លានដុល្លារ
Nissan Auto Tech December 6, 2019 lyda

គំរូដំបូងនៃ Nissan GT-R50 ដែលរចនាដោយក្រុមហ៊ុន Italdesign ត្រូវបានចេញផ្សាយមុនការបង្ហាញខ្លួនជាផ្លូវការ ដែលគ្រោងបង្ហាញនៅឯពិព័រណ៍រថយន្តនៅទីក្រុងហ្សឺណែវឆ្នាំក្រោយ ហើយវាពិតជាទាក់ទាញចិត្តអ្នកស្រឡាញ់រថយន្តស្ព័រមែនទែន។ ឈ្មោះថា GT-R50 នេះមានន័យថា អបអរសាទរខួបលើកទី៥០ របស់ Italdesign (តាំងពីឆ្នាំ២០១៨) ក៏ដូចជាសម្រាប់ការអបអរខួបកំណើតគម្រប់ ៥០ឆ្នាំ របស់ត្រកូល GT-R របស់ Nissan នៅឆ្នាំនេះផ្ទាល់ផងដែរ។ សម្រាប់ការរចនាថ្មីពីមូលដ្ឋានចាស់របស់វានេះយើងឃើញថា វាមានការប្រែប្រួលច្រើនជាពិសេសគឺកាងខាងក្រោយដែលធ្វើឱ្យវាមានរូបរាងកាន់អង់អាចសាកសមជារថយន្តស្ព័រដ៏ប្រណីត។

រថយន្តនេះក៏ត្រូវបានបំពាក់ដោយមានស៊ីនធ្វើដោយដៃ V6 twin-turbocharged ចំណុះ 3.8លីត្រ ជាមួយនឹងថាមពល 530kW និងកម្លាំងបង្វិល 780Nm (575 lb-ft) ផងដែរ។ ពោលគឺវាមានកម្លាំងខ្លាំងជាង GT-R Nismo ដែលមានថាមពលតែ 447kW និងកម្លាំងបង្វិល 652Nm ប៉ុណ្ណោះ។ យ៉ាងណាមិញការផលិតរថយន្ត GT-R50 គឺមានកំណត់ ដោយវានឹងមានលក់តែ ៥០គ្រឿងប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ៩៩០,០០០ផោន (១.៦លានដុល្លារ) ។ ក្រុមហ៊ុន Nissan ក៏បានឱ្យដឹងដែរថា ខ្លួនទទួលការកក់យ៉ាងច្រើនពីម៉ូដែលនេះ ដូច្នេះចំនួនទាំង ៥០ នឹងលក់អស់ឆាប់ៗនេះ ហើយវានឹងទៅដល់ដៃអ្នកទិញគ្រប់គ្នានៅឆ្នាំ២០២១៕

អត្ថបទ៖ លីដា