អង្គការណាសាបង្ហាញរ៉ុកកែតថ្មីរបស់ខ្លួន ដែលអះអាងថាមានឥទ្ធិពលបំផុតដែលមិនធ្លាប់មាន
បច្ចេកវិទ្យា December 11, 2019 lyda

ប្រព័ន្ធអវកាសរបស់អង្គការណាសា ឬហៅកាត់ថា SLS មានគោលបំណងដឹកអវកាសយានិកទៅកាន់ឋានព្រះចន្ទនៅឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃគម្រោងអាតេមីស (Artemis) ហើយគ្រប់គ្នាសុទ្ធតែដឹងពីមហិច្ឆតារបស់អាមេរិកមួយនេះ។ ជាក់ស្ដែងនៅចុងសប្តាហ៍នេះនៅឯមជ្ឍមណ្ឌលសន្និបាត Michoud ក្នុងរដ្ឋ New Orleans រដ្ឋបាលរបស់អង្គការណាសាលោក Jim Bridenstine បានបើកឱ្យសាធារណជនបានចូលមើលរ៉ុក្កែតថ្មីរបស់ពួកគេ ដែលណាសានិយាយថា “វាមានឥទ្ធិពលបំផុតមិនធ្លាប់មានពីមុន”។

ជម្រាបដែរថា អង្គការណាសាបានដំណើរការសាកល្បងតេស្តដឹកស៊ីទែនឥន្ធនៈអ៊ីដ្រូសែនដ៏ធំរបស់ SLS តាមជំហានរបស់វាកាលពីសប្តាហ៍មុន ហើយនៅទីបំផុតពួកគេបានរកឃើញថា រ៉ុកកែតរបស់ពួកគេមានសមត្ថភាពទប់ទល់បានច្រើនជាងការដឹកជញ្ជូនដែលរំពឹងទុករហូតដល់ទៅ ២៦០% ក្នុងរយៈពេលជាង ៥ម៉ោង។ លទ្ធផលនេះត្រូវបានពួកគេគិតថាជាជោគជ័យដ៏ធំមួយ ដោយសារស៊ីទែននេះជាផ្នែកសំខាន់នៃការសិក្សា ដើម្បីឈានទៅដល់ការអនុវត្តពិតប្រាកដលើអវកាសយានិក ដោយសារពួកគេនឹងត្រូវចេញដំណើរជាទ្រង់ទ្រាយធំទៅឋានព្រះច័ន្ទប៉ុន្មានឆ្នាំខាងមុខនេះ។

គួរឱ្យដឹងដែរថា គម្រោង SLS បានប្រឈមមុខនឹងការពន្យារពេលជាច្រើនឆ្នាំមកហើយ និងត្រូវបានគេរាយការណ៍ថា បានចំណាយថវិកាអស់ប្រមាណ ១៧ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវាឡើង។ កាលពីដើមឡើយអង្គការណាសាក៏មានផែនការហោះហើរសាកល្បងលើកដំបូងរបស់ខ្លួនដែលនឹងកើតឡើងនៅឆ្នាំ២០១៩នេះផ្ទាល់ ប៉ុន្តែត្រូវពន្យាររហូតដល់ចុងឆ្នាំបែបនេះ៕

អត្ថបទ៖ លីដា