មិនមែនលេងសើចទៀតទេ! ទីបំផុតអ្នកវិទ្យាសាស្ត្រអាចបង្កើតកោសិកាខួរក្បាលនិម្មិតបានមែន
បច្ចេកវិទ្យា December 12, 2019 lyda

កាលពីមុនយើងធ្លាប់តែនិយាយលេងថា ប្រសិនបើខួរក្បាលយើងអាចដាក់មែម៉ូរីចូលបាន យើងប្រហែលជាចងចាំបានច្រើន ឬប្រសើរជាងនេះ។ ហើយពេលនេះវាមិនមែនជារឿងលេងសើចទៀតនោះទេ ដោយទីបំផុតអ្នកវិទ្យាសាស្ត្រពិតជាអាចធ្វើវាបានមែន ប៉ុន្តែមិនមែនយកមកដាក់ជាមួយមនុស្សទេ គឺសម្រាប់ជំនួយខាងវេជ្ជសាស្ត្រ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យនៃទីក្រុងបាតស៍ (University of Bath) របស់អង់គ្លេសបានឱ្យដឹងថា ពួកគេអាចសរសេរកូដឥរិយាបថរបស់កោសិកាខួរក្បាលមនុស្ស ឬណឺរ៉ូន (neurons) ហើយបង្កើតវាទៅជាកូនឈីបតូចមួយដែលអាចជាជំនួយវេជ្ជសាស្ត្រនាពេលអនាគត។

ពួកគេនិយាយថា ណឺរ៉ូន មានចរិតប្រហាក់ប្រហែលនឹងសៀគ្វីអគ្គិសនីនៅក្នុងខ្លួន ប៉ុន្តែអាកប្បកិរិយារបស់វាគឺមិនអាចទាយទុកជាមុនបានទេ ជាពិសេសនៅពេលនិយាយអំពីទំនាក់ទំនងរវាងការបញ្ចូល និងលទ្ធផលនៃចរន្តអគ្គិសនី។ ប៉ុន្តែការស្រាវជ្រាវថ្មីនៃកោសិកាខួរក្បាលសិប្បនិម្មិតទាំងនេះ ទទួលបានជោគជ័យក្នុងការធ្វើត្រាប់តាមឥរិយាបថកោសិកាប្រសាទរបស់សត្វកណ្តុរពីតំបន់ជាក់លាក់ពីរនៃខួរក្បាល។ ហើយដូចដែលយើងដឹងស្រាប់ហើយថា ខួរក្បាលរបស់កណ្តុរមានភាពស្រដៀងគ្នាជាមួយនឹងមនុស្ស ដូច្នេះភាពជោគជ័យនេះនឹងកាន់តែធ្វើឱ្យវិស័យវេជ្ជសាស្ត្រកាន់តែមានភាពល្អប្រសើរជាងមុនទៅទៀត។

គោលដៅធំបំផុតនៃការបង្កើតនេះគឺប្រើណឺរ៉ូនទាំងនេះបង្កើតឧបករណ៍វេជ្ជសាស្រ្ត ដែលអាចបំពេញតំរូវការរបស់អ្នកជំងឺបានកាន់តែប្រសើរឡើង ដូចជាឧបករណ៍វាស់ល្បឿនឆ្លាតវៃ ដែលអាចឆ្លើយតបទៅនឹង Stressor ថ្មី និងតម្រូវការរបស់បេះដូងមនុស្ស។ សំខាន់ជាងនេះគឺវាធ្វើឱ្យប្រសើរឡើងនូវសំភារៈវេជ្ជសាស្ត្រឱ្យកាន់តែសមស្របទៅនឹងរាងកាយរបស់មនុស្ស៕

អត្ថបទ៖ លីដា
ប្រភព៖ futurism