រថយន្ត TESLA ដែលផលិតនៅប្រទេសចិនក្នុងរោងចក្រតម្លៃ ៥ពាន់លានដុល្លារ ពេលនេះលេចចេញសមិទ្ធផលដំបូងហើយ
រថយន្ត December 31, 2019 lyda

រោងចក្រ Tesla នៅឯទីក្រុង shanghai ដែលទើបតែបើកដំណើរការកាលពីខែមករា ពេលនេះអាចផ្តល់ផលិតកម្មរថយន្តដំបូងរបស់ខ្លួនហើយ។ រោងច្រកនេះត្រូវបានគេឱ្យដឹងថា ចំណាយទឹកប្រាក់សាងសង់ចំនួន ៥ពាន់លានដុល្លារអាមេរិក មានឈ្មោះថា “gigafactory” ហើយវាគឺជារោងចក្រដំបូងបំផុតរបស់ក្រុមហ៊ុន Tesla ដែលមានមូលដ្ឋាននៅក្រៅសហរដ្ឋអាមេរិក។ ដោយសារតែរថយន្តទាំងនេះត្រូវបានផលិតនៅក្នុងប្រទេសចិន ពួកវានឹងត្រូវបានរួចផុតពីពន្ធគយ ដែលជាធម្មតាត្រូវបានដាក់លើរថយន្តបរទេស មុនពេលនាំចូលក្នុងទីផ្សាររថយន្តក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់ពិភពលោក។ មានន័យថា TESLA ដែលផលិតឡើងដោយ gigafactory គឺជារថយន្តក្នុងស្រុកក្នុងប្រទេសចិន ដូច្នេះវានឹងគ្មានបន្ទុកពន្ធនោះទេ។

ពិធីមួយត្រូវបានធ្វើឡើងនៅឯរោងចក្រនៅតំបន់ឧស្សាហកម្ម Lingang នៃទីក្រុងសៀងហៃ កាលពីថ្ងៃចន្ទ ខណៈស៊េរី Model 3 ចំនួន ១៥គ្រឿង ដំបូងរបស់រោងចក្រនឹងត្រូវប្រគល់ឱ្យបុគ្គលិកក្រុមហ៊ុន Tesla ហើយផលិតកម្មនៅរោងចក្រគ្រោងនឹងពន្លឿននៅខែមករាដើមឆ្នាំ២០២០នេះ។ រោងចក្រនេះគឺជាការវិនិយោគដ៏ធំធេងមួយសម្រាប់ក្រុមហ៊ុន Tesla ដែលក្រុមហ៊ុនសង្ឃឹមថា នឹងមានសមត្ថភាពក្នុងការផលិតរថយន្ត Model 3 ឱ្យបានចំនួន ១៥០,០០០គ្រឿង ក្នុងមួយឆ្នាំ។ Model 3 ដែលផលិតនៅរោងចក្រសៀងហៃ នឹងត្រូវលក់ក្នុងតម្លៃ ៣៥៥,៨០០យ័ន (៥០,០០០ដុល្លារ) ដែលតម្លៃនេះគឺធូរថ្លៃឆ្ងាយ បើប្រៀបនឹង ៤៣៩,០០០យ័ន (៦៣,០០០ដុល្លារ) ដែលជាតម្លៃរថយន្តនាំចូលក្នុងប្រទេសនេះ៕

អត្ថបទ៖​ លីដា