ច្បាស់ការហើយ Galaxy S11 ឬ S20 នឹងបង្ហាញខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ
បច្ចេកវិទ្យា January 6, 2020 Khmernote

នាពេលកន្លងមក មានព័ត៌មានលេចធ្លាយមួយថា ក្រុមហ៊ុន Samsung បានផ្លាស់ប្តូរឈ្មោះថ្មីនៅលើត្រកូល Galaxy S ដោយប្តូរពី Galaxy S11 ទៅជា Galaxy S20 វិញសម្រាប់ឆ្នាំ២០២០ នេះ។ មកដល់ពេលនេះក្រុមហ៊ុនផលិតស្មាតហ្វូនយក្សរបស់កូរ៉េខាងត្បូង Samsung បានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់បង្ហាញម៉ូដែលថ្មីៗចុងក្រោយបំផុតរបស់ខ្លួនហើយក្នុងនោះ Galaxy S20 នឹងអាចចេញមកមុនគេតែម្តងទោះបីជាមិនទាន់មានការអះអាងផ្ទាល់ដោយក្រុមហ៊ុន Samsung ថាមានម៉ូដេលណាខ្លះដែលនឹងអាចមានវត្តមានក្នុងព្រឹត្តិការណ៍ឆ្នាំ២០២០នេះក្តី។

នៅក្នុងវិដេអូមួយដែលត្រូវបានបង្ហាញដោយគណនេយ្យ Vimeo របស់ក្រុមហ៊ុន Samsung ដែលត្រូវបានកត់សំគាល់ឃើញដោយគណនេយ្យ Twitter ដែលមានឈ្មោះថា water8192 នោះអាចបង្ហាញយើងឲ្យឃើញនូវព័ត៌មានចំនួន ដែលបញ្ជាក់ថា Galaxy S ជំនាន់ថ្មីនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នាទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនាថ្ងៃទី១១ខែកុម្ភៈខាងមុខនេះហើយ។

ប្រភពដដែលបានសរសេរទៀតថា ដុំរាងជាការ៉េចំនួន២ ដែលស្ថិតនៅក្នុងវិដេអូត្រូវបានគេជឿជាក់ថាជារូបតំណាងឲ្យ Galaxy S20 មួយ និងមួយទៀតជាម៉ូដេល Galaxy Fold ជំនាន់ថ្មី ដែលកន្លងមកធ្លាប់ត្រូវបានគេជឿជាក់ថានឹងមានរូបរាងស្រដៀងទៅនឹងម៉ូដេលកាច់បានរបស់ Motorola គឺ Razr នោះដែរ។

អត្ថបទ៖ ស៊ុនលី