ឆ្នាំនេះ Apple គ្រោងបញ្ចេញ iPhone 9 ចំនួន២ម៉ូដែលបន្ថែមទៀត
បច្ចេកវិទ្យា January 6, 2020 Khmernote

ឆ្នាំ២០១៩ជាឆ្នាំដ៏មមាញឹកបំផុតសម្រាប់ក្រុមហ៊ុន Apple ប៉ុន្តែជឿជាក់ថាឆ្នាំ២០២០ គឺមានសភាពកាន់តែមមាញឹកជាងនេះទៅទៀតដោយក្នុងនោះយោងតាម DigiTimes បានចុះផ្សាយនាពេលចុងក្រោយនេះបានបញ្ជាក់ថា iPhone ថ្មីចំនួន២ម៉ូដែលដើរតួជំនួស iPhone SE ដែលជឿជាក់ថា នឹងអាចប្រើប្រាស់ឈ្មោះ iPhone 9 បើទោះបីជាកន្លងមកមានព័ត៌មានជាច្រើនថាវានឹងមានឈ្មោះថា iPhone SE2 ក្តី។

iPhone 9 ថ្មីនេះនឹងមានរូបរាងធំជាង iPhone SE ជំនាន់មុនហើយមានមុខងារពិសេសមួយចំនួនដូចទៅនឹង iPhone 8។ តាមប្រភពដដែល DigiTimes នេះបានបញ្ជាក់ទៀតថា ដូចនេះ Apple នឹងដាក់បង្ហាញ iPhone ថ្មីរបស់ខ្លួនដល់ទៅ៦ម៉ូដែលក្នុងឆ្នាំ២០២០នេះ ដែល៤ម៉ូដែលនឹងប្រើប្រាស់អេក្រង់ OLED ឯមួយម៉ូដែលប្រើអេក្រង់ LCD និងមួយម៉ូដែលទៀតប្រើប្រាស់បច្ចេកវិទ្យាអេក្រង់របស់ក្រុមហ៊ុនតៃវ៉ាន់មួយ។

ការវិភាគដែលធ្វើឡើងតាមរយៈប្រភព ដែលទទួលបានពីក្រុមហ៊ុនផលិតបន្ទះឈីបសម្រាប់ LCD មានឈ្មោះថា Chipbong Technology បានបញ្ជាក់ថា LCD ដែលផលិតឡើងនឹងមានចំនួន២ប្រភេទផ្សេងគ្នា ដែលជឿជាក់ថាមួយសម្រាប់ប្រើប្រាស់ក្នុង iPhone 9 ថ្មីនេះ ហើយសង្ស័យថាមួយទៀតនឹងប្រើប្រាស់សម្រាប់ផលិតជំនាន់ថ្មីមួយទៀតក្នុងឆ្នាំ២០២១គឺ iPhone SE 2 ជាមិនខាន៕

អត្ថបទ៖ ស៊ុនលី