ទីបំផុត អតិថិជន OPPO ColorOS 7 អាចបញ្ចូន រូបភាព វីដេអូ ឯកសារ ទៅកាន់ស្មាតហ្វូនដទៃ យ៉ាងរហ័សបំផុត ដោយមិនចាំបាច់ត្រូវការ Internet
បច្ចេកវិទ្យា January 8, 2020 Khmernote

ថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក OPPO បានពញាក់អារម្មណ៍ អ្នកគាំទ្រ និង អតិថិជនរបស់ខ្លួន តាមរយៈមុខងារ “Peer-to-Peer Transmission Alliance” ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ OPPO ColorOS 7 (Android 10) អាចបញ្ចូនរូបភាព វីដេអូ និង ឯកសារ ទៅកាន់ស្មាតហ្វូន Android 10 ម៉ាកដទៃទៀត បានយ៉ាងងាយស្រួល រហ័សទាន់ចិត្តបំផុត (Just one click) មិនចាំបាច់ត្រូវការ Internet នេះបើយោងតាមសេចក្តីប្រកាសលើគេហទំព័រផ្លូវការរបស់ OPPO សកល។

បើទោះបីជាបច្ចេកវិទ្យា 5G បានជម្រុញឲ្យដំណើរការប្រព័ន្ធ Internet លឿនរហ័ស និងអស្ចារ្យបំផុតសម្រាប់យុគសម័យទំនាក់ទំនងឆ្លាតវៃនេះ យ៉ាងណាក៏ដោយ ក៏ការផ្ញើ ឬបញ្ចូនរូបភាព វីដេអូ និង ឯកសារផ្សេងៗ តាមរយៈស្មាតហ្វូនម៉ាកដទៃ នៅតែជាក្តីកង្វល់របស់អ្នកប្រើប្រាស់។ អាស្រ័យហេតុនេះ ទើប ក្រុមហ៊ុន OPPO បំពាក់នូវមុខងារ “Peer-to-Peer Transmission Alliance” លើ OPPO ColorOS 7 ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់របស់ខ្លួនក្នុងការចែករំលែក រូបភាព វីដេអូ ឬ ឯកសារសំខាន់ៗ ទៅកាន់ក្រុមគ្រួសារមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ដែលកំពុងកាន់ប្រើស្មាតហ្វូន Android 10 ម៉ាកដទៃទៀត។ មុខងារ “Peer-to-Peer Transmission Alliance (Wi-Fi P2P)” គឺជា WiFi Direct សម្រាប់ការបញ្ចូន រូបភាពវីដេអូឯកសារពីស្មាតហ្វូន OPPO ទៅកាន់ស្មាតហ្វូន Android ដទៃ លឿនការបាញ់ប្លូធូ និង រហ័សទាន់ចិត្ត (one click only) ដោយមិនចាំបាច់ភ្ជាប់ WiFi ឬ Internet គឺ ទំហំ 20MB ចំណាយត្រឹមតែមួយវិនាទីប៉ុណ្ណោះ។

លោក Andy Wu អនុប្រធានក្រុមហ៊ុន OPPO និងជានាយកផ្នែកពាណិជ្ជកម្មវិស្វកម្ម Software បានឲ្យដឹងថា នេះគឺជាលើកទីមួយហើយដែល OPPO បានបើកកិច្ចសហការរួមគ្នាជាមួយនឹងស្មាតហ្វូន Android ម៉ាកដទៃទៀត ដើម្បីផ្តល់នូវបទពិសោធន៍ថ្មីស្រឡាង ក៏ដូចជាភាពងាយស្រួលដល់អ្នកប្រើប្រាស់ស្មាតហ្វូន Android រាប់លាននាក់ជុំវិញពិភពលោក ក្នុងការចែករំលែក រូបភាព វីដេអូ ឯកសារ ឲ្យគ្នាទៅវិញទៅមក។ OPPO នឹងបន្តបើកកិច្ចសហការជាមួយនឹងក្រុមហ៊ុនស្មាតហ្វូន Android ដទៃទៀតផងដែរ ដើម្បីរួមគ្នាផ្តល់ភាពងាយស្រួលដល់អតិថិជន និង អ្នកគាំទ្រ។
សូមរំលឹកថា កន្លងមកអតិថិជន OPPO អាចចែករំលែករូបភាព វីដេអូ និង ឯកសារទៅកាន់ស្មាតហ្វូន OPPO ដូចគ្នាតាមរយៈមុខងារ OPPO Share ហើយប្រសិនបើចង់ចែករំលែកទៅស្មាតហ្វូនម៉ាកដទៃគឺត្រូវតែបាញ់ប្លូធូ និង ភ្ជាប់ Internet។


យ៉ាងណាមិញមុខងារថ្មី “Peer-to-Peer Transmission Alliance (Wi-Fi P2P)” លើ OPPO ColorOS 7 នឹងផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់។ ឥឡូវនេះស្មាតហ្វូន Reno 2, Reno 10X Zoom, F11 Pro, F11 Pro Marvel’s Avengers Limited Edition and F11 អាចប្រតិបត្តិការជាមួយនឹង ColorOS 7 នៅក្នុងប្រទេសចិន ប៉ុន្តែយើងកំពុងរងចាំអ៊ុតមើលថា តើពេលណាទើប OPPO ដាក់ ColorOS 7 ឲ្យអតិថិជនអាចអាប់ដេតផងដែរ។