បដិវត្តន៍ថ្មី! Lenovo បង្ហាញកំព្យួទ័រអេក្រង់បត់ដំបូងគេបំផុតលើលោក (មានវីដេអូ)
បច្ចេកវិទ្យា January 9, 2020 Khmernote

ជារឿយៗមានរឿងភ្ញាក់ផ្អើលកើតឡើងនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៍ដ៏ធំបំផុតលើលោក CES ដោយសារតែក្រុមហ៊ុននានាបាននាំគ្នាបង្អួតបច្ចេកវិទ្យាទំនើបៗដាក់គ្នា។ឆ្នាំ២០២០នេះ CES នៅទីក្រុង Las Vegas ដែលកំពុងដំណើរការក៏កំពុងទាក់ទាញចិត្តអ្នកតាមដានមិនអន់នោះដែរ។ ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់បច្ចេកវិទ្យាកំព្យូទ័រវិញ ក្រុមហ៊ុន Lenovo បានបង្ហាញស្នាដៃដ៏អស្ចារ្យមួយទៀត ដែលជឿជាក់ថា មិនទាន់មានអ្នកណាធ្វើបាននៅឡើយ។ គ្រប់គ្នាធ្លាប់លឺ និងឃើញពីស្មាតហ្វូនអេក្រង់បត់បាន តែលើកនេះកំព្យូទ័រដែលអាចបត់អេក្រង់បានគឺបានលេចរូរាងឡើង និងជាផលិតផលរបស់ក្រុមហ៊ុនមួយនេះ។

ក្រុមហ៊ុន Lenovo បានហៅកំព្យូទ័ររបស់ខ្លួនថា លេបថប ដែលអាចបត់អេក្រង់បានដំបូងគេបង្អស់នៅលើលោក (the world’s first foldable PC) ហើយវាត្រូវបានហៅ ឈ្មោះថា ThinkPad X1 Fold ដោយបើយើងក្រឡេងមួយភ្លែតទៅវាមានរូបរាងដូចទៅនឹងថេប្លេតធម្មតាមួយដោយសារតែទំហំរបស់វាមានតែត្រឹម១៣,៣អ៊ិញប៉ុណ្ណោះហើយគេអះអាងថា វាបំពាក់ជាមួយនឹងកញ្ចក់ប្រភេទ OLED ផងដែរ។

ក្រុមហ៊ុន Lenovo ក៏បានបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់កំព្យូទ័រប្រភេទនេះគឺអាចបត់វាជាពីរស្មើគ្នាដូចទៅជាសៀវភៅក៏បាន និងបត់វាត្រឹមតែ៩០ដឺក្រេក៏បាន ហើយវាមានតម្លៃរហូតដល់ទៅ $2,500 នឹងចាប់ផ្តើមបញ្ចេញលក់នៅពាក់កណ្តាលឆ្នាំ 2020 ខាងមុខនេះ៕

 

អត្ថបទ៖ ស៊ុនលី