អត់ Google Service អត់បញ្ហា! Huawei លក់ទូរស័ព្ទអេក្រង់បត់ Mate X កើបលុយបានប្រមាណ៥០០លានដុល្លារ
បច្ចេកវិទ្យា January 13, 2020 Khmernote

កាលពីខែមុនប្រធានក្រុមហ៊ុន Samsung លោក Young Sohn បានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើលមួយថា ក្រុមហ៊ុនរបស់ខ្លួនលក់ស្មាតហ្វូនបត់បានរបស់ខ្លួន ដែលមានឈ្មោះថា Galaxy Fold បានក្នុងចំនួនសរុបដល់ទៅ១លានគ្រឿងជាមួយនឹងតម្លៃ២០០០ដុល្លារក្នុងមួយគ្រឿង។ តែការលើកឡើងនេះបានក្លាយទៅជាតួលេខមិនពិតទៅវិញ ដោយក្នុងនោះនៅក្នុងព្រឹត្តិការណ៍ CES ចុងក្រោយនេះ CEO របស់ក្រុមហ៊ុន Samsung លោក DJ Koh បានបញ្ជាក់តួលេខជាក់ស្តែងនៃម៉ូដែលបត់នេះគឺមានត្រឹមតែពី៤០ម៉ឺនទៅ៥០ម៉ឺនប៉ុណ្ណោះត្រូវបានលក់ចេញ ដែលមានន័យថាក្រុមហ៊ុនទទួលបានចំនួនប្រមាណជា១ពាន់លានដុល្លារប៉ុណ្ណោះ។

ក្រឡេកទៅមើលស្មាតហ្វូនបត់បានមួយទៀត ដែលជាផលិតផលរបស់ក្រុមហ៊ុនយក្សចិនគឺ Huawei Mate X ទោះបីជាវាត្រូវបានទទួលរងការដាក់កំហិត និងអាចធ្វើការចរាចរណ៍លក់តែក្នុងនៅប្រទេសចិនយ៉ាងណាក្តី យោងតាមតួលេខរបស់ក្រុមហ៊ុនបានអះអាងថា ខ្លួនបានលក់ដាច់ស្មាតហ្វូននេះក្នុងអត្រាចន្លោះពី ១០០ ០០០ គ្រឿងក្នុងមួយខែចាប់តាំងពីការបង្ហាញខ្លួន និងទទួលការកម្ម៉ង់ពីខែវិច្ឆិកាកន្លងមក។

គួរឲ្យដឹងដែរថា Mate X មានតម្លៃ ប្រមាណជា ២៤៥០ ដុល្លារអាមេរិកក្នុងក្នុងមួយគ្រឿងហើយប្រសិនបើចំនួនលក់របស់ក្រុមហ៊ុនមានភាពត្រឹមត្រូវនោះ Mate X គឺជាផលិតផលដែលបាននាំប្រាក់ចំណូលឲ្យក្រុមហ៊ុនទៅដល់ជាង ៥០០លានដុល្លារក្នុងរយៈពេលតែ៣ខែនេះ៕

អត្ថបទ៖ ស៊ុនលី