កក្រើកវេជ្ជសាស្រ្តម្តងទៀត! វះកាត់ប្តូរស្បូនជួយស្រ្តីម្នាក់អាចមាន​កូនបានជោគជ័យ
សុខភាព January 13, 2020 Khmernote

នីតិវិធី​វះ​កាត់​ប្តូរ​ស្បូន និង​ការទទួល​បាន​​សេរីរាង្គ​ស្បូន​ថ្មី​ពី​អ្នក​បរិច្ចាគ​​ បាន​ជួយ​ឱ្យ​ស្ត្រី​ម្នាក់​ដែល​មាន​បញ្ហា​ស្បូន​ហើយ​ចង់​បាន​កូន បាន​សម្រាល​​បុត្រ​​​​​ដោយ​ជោគ​ជ័យ ហើយ​​​នេះ​ជា​លើក​ទី​ពីរ​ដែល​ការ​វះ​កាត់​ប្រភេទនេះ​ទទួល​បាន​ជោគ​ជ័យ​​នៅ​សហរដ្ឋអាមេរិក។​ ទារក​​ឈ្មោះ Benjamin Gobrecht បាន​ឃើញ​ពន្លឺ​ព្រះ​អាទិត្យ​​កាល​ខែ​​វិច្ឆិកា​ ឆ្នាំ២០១៩​ កន្លង​ទៅនេះ ​នៅ​ឯ​មន្ទីរ​ពេទ្យ​នៃ​សាកលវិទ្យាល័យ Pennsylvania សហ​រដ្ឋអាមេរិក​ ដែលមាន​​ម្តាយឈ្មោះ​​ Jennifer ធ្លាប់​បាន​​ទទួល​​ការ​វះ​កាត់​ប្តូរ​ស្បូន​ថ្មី​នៅ​ទី​នោះ​ផង​ដែរ​។

បើ​តាម​អ្នក​ស្រី Jennifer ប្រាប់​ទៅ​សារព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា អ្នក​ស្រី​កើត​មក​មាន​បញ្ហា​​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា Mayer-Rokitansky-Kuster-Hauser (MRKH) ដែល​ជា​ករណី​ជំងឺ​បង្ក​ឱ្យ​ស្បូន​លូត​លាស់​មិន​គ្រប់​លក្ខណៈ ឬ​ស្បូន​ពុំ​អាច​បង្ក​កំណើត តែ​អូវ៉ែ​រ​នៅ​ដំណើរ​ការ​ផលិត​ស៊ុត​សម្រាប់​ការ​បង្ក​កំណើត​បាន​ធម្មតា។

យ៉ាង​ណា​មិញ ដោយ​សារ​អ្នក​ស្រី​ចង់​បាន​កូន ហើយ​បាន​​ដឹង​​ដំណឹង​ពី​ការ​វះ​កាត់​ស្បូន ដែល​ធ្លាប់​ធ្វើ​ឡើង​​​ជោគ​ជ័យ​លើ​ស្រ្តី​វ័យ​៣២​ឆ្នាំ​ម្នាក់​នៅ​​សហរដ្ឋអាមេរិក​​ផង​នោះ ទើប​អ្នក​ស្រី​​បាន​សម្រេច​ចិត្ត​ទាក់​ទង​ទៅ​ខាង​មន្ទីរ​ពេទ្យ Pennsylvania។ ជា​​ភ័ព្វ​សំណាង​ អ្នក​ស្រី​ Jennifer ក៏​ទទួល​បាន​សេរី​រាង្គ​ស្បូន​ពី​អ្នក​បរិច្ចាគ​​ម្នាក់​ដែល​ទទួល​មរណភាព​ ហើយ​ខាង​មន្ទីរ​ពេទ្យ​ក៏​​អនុវត្ត​ការ​វះ​កាត់​ប្តូរ​ស្បូន​ថ្មី និង​អាចជួយឲ្យ​​អ្នក​ស្រី Jennifer អាចមាន​កូន និង​សម្រាល​ដោយ​ជោគ​ជ័យ​ ដែល​នេះជា​ជោគ​ជ័យ​ជា​ប្រវត្តិ​សាស្រ្ត​លើក​ទី​ពីរ​នៃ​ផ្នែក​វេជ្ជសាស្រ្ត​វះ​កាត់​ប្តូរ​ស្បូន​។

គួរ​រំឭក​ដែរ​ថា នៅ​សហរដ្ឋអាមេរិក​ក្នុង​ចំណោម​ស្រ្តី​ប្រមាណ​៤​ពាន់​ ទៅ​៥​ពាន់​នាក់ មាន​ម្នាក់​កើត​​បញ្ហា​ស្បូន​មិន​ដំណើរ​ការ​ដូច​ករណី​អ្នក​ស្រីJennifer ហើយ​ករណី​នេះ​​មាន​ប្រមាណ​៥​%​ នៅ​ទូ​ទាំង​ពិភព​លោក​ ដែល​ធ្វើ​ឱ្យ​ស្រ្តី​ពុំ​អាច​មាន​កូន​បាន​ នេះ​បើ​ផ្អែក​​តាម​ទិន្នន័យ​ពី​អង្គការ​ស្រាវជ្រាវ​ជំងឺ​កម្រ​ NORD សហរដ្ឋអាមេរិក៕ ​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ