ទីបំផុត! របងវិទ្យាល័យព្រះយុគន្ធរ ធ្លាប់តែមានគំនរសម្រាមស្អុយរលួយ ពេលនេះអភិបាលខណ្ឌបឹងកេងកង​ សម្រេចបិទចោលដាច់ខាតមិនឲ្យមានការចោលសំរាមតទៅទៀត
សង្គម January 14, 2020 Khmernote

ភ្នំពេញ៖ ជាដំណឹងល្អដោយអភិបាលខណ្ឌបឹងកេងកង​ សម្រេចបិទទីតាំងចោលសម្រាមដែលស្ថិតនៅក្រោយវិទ្យាល័យព្រះយុគន្ធរ​ ដោយទីតាំងនេះត្រូវបានប្រជាពលរដ្ឋរិះគន់ជាខ្លាំងដោយ វិទ្យាល័យព្រះយុគន្ធរ ក្លាយជាកន្លែងចាក់សំរាមដែលបង្កអោយប៉ះពាល់ដល់សុខភាព​ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅម្តុំនោះ។

នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក ទូច ឌីន បានសរសេររៀបរាប់ថា៖ “ខ្ញុំបាទតំណាងឲ្យសិស្សានុសិស្ស នៃវិទ្យាល័យព្រះយុគន្ធរទាំងអស់ សូមគោរពថ្លែងអំណរគុណ ដល់លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចុះសំអាត និងលុបបំបាត់ទាំងស្រុងនូវទីតាំងចាក់សំរាម ស្ថិតនៅផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ជាប់នឹងរបងវិទ្យាល័យព្រះយុគន្ធរ។ ដោយទីតាំងនេះត្រូវបានគេយកសំរាមមកចាក់គរក្លាយជាដេប៉ូសំរាម អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យព្រះយុគន្ធរ ។ ជាចុងក្រោយនេះខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ នូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្សានុសិស្ស ។ សូមគោរពជូនពរដល់ លោកអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងមន្ត្រីក្រោមឱវាទ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លាតឡើយ”៕