តម្លៃរថយន្តនៅប្រទេសវៀតណាមចុះថោកខ្លាំង ដោយសារតែកត្តាមួយនេះ
រថយន្ត January 15, 2020 lyda

វៀតណាម៖ ប្រភពខាងឧស្សាហកម្មបាននិយាយថា ការផ្គត់ផ្គង់ការនាំចូលយ៉ាងសម្បូរបែប ការដាក់បញ្ចូលម៉ូដែលថ្មីៗ និងការប្រកួតប្រជែងដ៏តឹងរឹង បានធ្វើឱ្យតម្លៃរថយន្តធ្លាក់ចុះ។ ក្នុងនោះរថយន្ត Toyota Innova ដែលជាក្រុមរថយន្តពហុបំណង ដែលពេញនិយមបំផុតនៅប្រទេសវៀតណាម ត្រូវបានគេឃើញថា បានធ្លាក់ចុះតម្លៃរហូត ១៣% ដែលស្មើនឹង ៤,៣៣០ដុល្លារអាមេរិក កាលពីខែមុន។ ពោលគឺ Toyota Innova ធ្លាក់ថ្លៃនៅសល់តែ ៣៣,៣៦០ ដុល្លារអាមេរិកប៉ុណ្ណោះ។ តម្លៃរថយន្ត Toyota Vios ថយចុះ ១៣%, រថយន្ត Kia ថយចុះ ១២% ហើយរថយន្តប្រណីត រួមមានរថយន្ត BMW បានធ្លាក់ចុះតម្លៃ ១៨.៥% ឯណោះ។

ការផ្គត់ផ្គង់ច្រើនដ៏សម្បូរបែបជាកត្តាចម្បងមួយ នៅពីក្រោយការធ្លាក់ចុះនៃតម្លៃ។ ការនាំចូលរថយន្តក្នុងរយៈពេល ១១ខែ ដំបូងនៃឆ្នាំមុន បានកើនឡើងទ្វេដងធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនមួយទៀត។ ការនាំចូលរថយន្តមានរហូតដល់ទៅ ១៣៣,៧០០គ្រឿង ដែលភាគច្រើននាំចេញពីថៃ និងឥណ្ឌូនេស៊ី។ ម៉ូឌែលដែលមានការលក់ដាច់ជាងគេគឺ MPV Mitsubishi Xpander និង SUV Toyota Fortuner ហើយទាំងអស់នោះសុទ្ធតែជារថយន្តនាំចូល។

ហើយបន្ទាប់មកក៏ត្រូវកាត់បន្ថយដោយការលក់បញ្ចុះតម្លៃ។ ការណែនាំម៉ូដែលថ្មីៗគឺជាកត្តាមួយដែរ ដោយជាក់ស្ដែងដូច VinFast (ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់វៀតណាម) ក៏បានបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារ ជាមួយនឹងរថយន្តប្រភេទ SUV និង hatchback របស់ខ្លួន។ សមាគមអ្នកផលិតរថយន្តនៅប្រទេសវៀតណាមបានឱ្យដឹងថា ការលក់រថយន្តនៅប្រទេសវៀតណាមកាលពីឆ្នាំមុនបានកើនឡើង ១១.៦% ធៀបនឹងឆ្នាំ២០១៨ ដោយមានរថយន្តលក់ចេញរហូត ៣២២,៣២២គ្រឿង ហើយ ៥៨.៨% នៃរថយន្តទាំងនេះត្រូវបានដំឡើងនៅក្នុងស្រុក៕

អត្ថបទ៖ ​លីដា