ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញមុខបកស្រាយជុំវិញវីដេអូឃ្លីបប៉ូលិសយកថ្នាំញៀនដាក់ក្នុងហោប៉ៅយុវជនម្នាក់
ព័ត៌មានជាតិ January 15, 2020 Khmernote

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងខ្សែវីដេអូឃ្លីបខ្លីមួយបង្ហាញពីសកម្មភាពប៉ូលិសធ្វើការឃាត់ខ្លួនយុវជនម្នាក់ ហើយបានដាក់របស់ម៉្យាងចូលក្នុងហោប៉ៅរបស់យុវជននោះ ដោយមហាជនមានការសង្ស័យថា របស់ដែលប៉ូលិសបានដាក់ចូលនោះគឺជាគ្រឿងញៀន។ ជុំវិញករណីនេះផងដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយថា៖

” អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមធ្វេីការបញ្ជាក់ជូនសាធារណ:ជនអោយបានជ្រាបថា រូបភាពពណ៌ស តូចនោះ មិនមែនជាគ្រឿងញៀន នោះទេ វាគឺជាដែកកេះរបស់ជនសង្ស័យដែលមានពណ៌ស ។ ដោយមាន Facebook Account និង Facebook Page មួយចំនួន បានយកព័ត៌មានចាស់ក្នុងពេលដែលសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាំងពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ ក្នុងពេលនោះជនសង្ស័យ២នាក់បានជិះម៉ូតូជិតមកដល់គោលដៅត្រួតពិនិត្យ ក៏បានជិះគេចខ្លួន ដោយមានការសង្ស័យនៅពេលនោះកម្លាំងអន្តរាគមន៍នៃអធិការខណ្ឌ បានដេញចាប់បានរួចធ្វេីការឆែកឆេរ និងនាំយកទៅពិនិត្យទឹកនោមដេីម្បីស្វែងរកសារធាតុញៀន ជាលទ្ធផលគឺពិតជាមានសារធាតុញៀនមែន ។ Account and Page មួយចំនួនបានយកព័ត៌មាននេះមកចុះផ្សាយខុសពីការពិត និងមានលក្ខណ:បំផុសបំផុល ញុះញង់អោយមានការស្អប់មកលេីកងកម្លាំងនគរបាល ស្របពេលដែលមួយពេលរយ:ចុងក្រោយនេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខណ្ឌ ប៉ុស្តិ៍ តែងតែទទួលបានការគាំទ្រ និងសរសេីរពីសំណាក់ប្រជាពលរដ្ឋ”៕