ជិះរថភ្លើងទៅព្រលានយន្តហោះមិនបាច់អស់លុយ ហើយត្រួតពិនិត្យឥវ៉ាន់ (Check In) នៅស្ថានីយរថភ្លើងហ្មង មិនបាច់ចាំដល់ព្រលានក៏បាន (មានវីដេអូ)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ រថភ្លើងដឹកអ្នកដំណើរចូលទៅអាកាសយានដ្ឋានអន្តរជាតិ បានដាក់ដំណើរការឲ្យប្រើប្រាស់បណ្តោះអាសន្នហើយ ក្រោមអធិប​តីភាពឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

រថភ្លើងដឹកអ្នកដំណើរទៅព្រលានយន្តហោះអន្តរជាតិនេះ អាចផ្ទុកអ្នកដំណើរបានចំនួនប្រមាណ១០០នាក់ ហើយត្រូវចំណាយពេលប្រមាណ៣០នាទីប៉ុណ្ណោះ។ ឯកឧត្តមបានឲ្យដឹងផងដែរថា សម្រាប់ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ អ្នកដំណើរអាចធ្វើដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

កាន់តែពិសេសនោះ គឺក្រសួងបានសហការជាមួយអាកាសចរណ៍ស៊ីវិល ដោយតម្លើងបញ្ជរសម្រាប់ត្រួតពិនិត្យឥវ៉ាន់ (Check In) សម្រាប់អ្នកដំណើរត្រូវឡើងយន្តហោះ ដោយអាច Check In ផ្ទាល់នៅស្ថានីយរថភ្លើងនេះតែម្តង មិនចាំបាច់ទៅ Check In នៅព្រលានក៏បានដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ៕

អត្ថបទ៖ សេម