បន្ដិចទៀត គេឈប់វាយលេខសម្ងាត់ទៀតហើយ! សូម្បីតែចូល Website ក៏ស្កេនស្នាមក្រយ៉ៅដៃ រឺមុខដែរ

តើអ្នកធ្លាប់មានអារម្មណ៍ថាហត់នឿយក្នុងការព្យាយាមចងចាំនូវលេខកូដសម្ងាត់ រាល់ការចូលទៅកាន់ Website រឺចុះឈ្មោះអ្វីមួយដែរ រឺទេ? ជាការពិតណាស់ ពេលខ្លះអ្នកប្រាកដជាធុញ ឯអ្នកខ្លះទៀតក៏សម្រេចប្រើប្រាស់លេខសម្ងាត់ដូចគ្នាទាំងអស់លើគ្រប់គណនី ប៉ុន្ដែវាមិនផ្ដល់សុវត្ថិភាពខ្ពស់ឡើយ។ ទោះជាយ៉ាងណា កង្វល់មួយនេះនឹងលែងមានទៀតហើយ ព្រោះនាថ្ងៃអនាគតស្នាមក្រយ៉ៅដៃនឹងដើរតួជំនួសឲ្យការវាយលេខសម្ងាត់ទាំងអស់នេះ។

WebAuthn API គឺជាកម្មវិធីថ្មីដែលអនុញ្ញាតឲ្យអ្នកអាចចូលទៅកាន់ Website ណាក៏បានដោយប្រើប្រាស់ស្នាមក្រយ៉ៅដៃ មុខ រឺ USB keys ពោលគឺមិនតម្រូវឲ្យអ្នកវាយលេខសម្ងាត់ទៀតឡើយ។ គិតមកដល់ពេលនេះ Browser ដែលអាចដំណើរការ API បានគឺមានដូចជា Mozilla Firefox, Google Chrome និង Microsoft Edge។ ទោះជាយ៉ាងណា សម្រាប់ Safari របស់ក្រុមហ៊ុន Apple យើងពុំទាន់សង្កេតឃើញមានការចូលរួមនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ការកំណត់ស្ដង់ដារថ្មីនេះមិនទាន់សម្រេចជាសាធារណៈនៅឡើយទេ។ ប៉ុន្ដែ យោងតាមការរកឃើញថ្មីនេះ មានអ្នកប្រើប្រាស់ជាច្រើនគាំទ្រជាខ្លាំង ព្រោះវាពិតជាទំនើប ងាយស្រួល និងផ្ដល់សុវត្ថិភាពខ្ពស់ផងដែរ។

Fu

ប្រភព៖ phonearena