កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំយុវជនក្នុងតំបន់អាសុីលើកទី ១៤

កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៨ កន្លងទៅនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការ ទទួលរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំយុវជនក្នុងតំបន់អាសុីលើកទី ១៤ ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមព្រឹក្សាយុវជនអាសុី (AYC) ជាមួយនឹងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំយុវជនកំពូលមកពី១៨ ប្រទេសក្នុងទ្វីបអាសុី ដែលប្រព្រឹត្តិទៅក្នុងខេត្តសៀមរាប។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាយុវជនអាសុី ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីតួនាទី សន្តិភាពដែលប្រទេសនីមួយៗក្នុងតំបន់ រួមទាំងកម្ពុជាដែលកំពុងតែមាន ហើយសន្តិភាពមិនគួរត្រូវបានមើលរំលង ឬមិនយកចិត្តទុកដាក់នោះទេ។ ដូច្នេះក្រុមប្រឹក្សាយុវជនអាសុី បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាតំណាងសំឡេងយុវជនអាសុីតែមួយនៅក្នុងឆាកអន្តរជាតិ ក្នុងការទាក់ទាញមតិគាំទ្រ ដើម្បីសន្តិភាព ស្ថិរភាព សាមគ្គីភាពសង្គម និងវិបុលភាពរួមគ្នា។ វេទិកាយុវជនអាសុី នឹងបន្តលើកកម្ពស់តួនាទីសកម្មរបស់យុវជន និងជាវេទីកាសម្រាប់យុវជនពិក្នុងតំបន់អាសុីជួបជុំគ្នាធ្វើបច្ចុប្បន្នភាព និងចែករំលែកទស្សនៈ កង្វល់ នឹងបទពិសោធន៍ពីទម្លាប់អនុវត្តល្អពីប្រទេសសមាជិកដែលពាក់ព៍ន្ធលើតួនាទីសំខាន់របស់ខ្លួនក្នុងការរក្សាសន្តិភាពពង្រឹងលទ្ធិប្រជាធិបតេយ្យ ដែលជាកត្តាសំខាន់ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

 

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាយុវជនអាសុី គឺជាអង្គការក្រៅរដ្ឋាភិបាលកម្រិតតំបន់បម្រើឲ្យយុវជនត្រូវបានបង្កើតឡើងនៅក្នុងថ្ងៃទី ១៤ ខែសីហា ឆ្នាំ១៩៧២ ហើយបច្ចុប្បន្នមានប្រទេសជាសមាជិកសរុប២០ ប្រទេសរួមមាន៖ កម្ពុជា ប្រុយណេ ឥណ្ឌូនេសុី ម៉ាឡេសុី ហ្វីលីពីន សិង្ហបុរី ថៃ បង់ក្លាដែល ចិន ហ្វីជី ឥណ្ឌា ជប៉ុន កូរ៉េ ម៉ាល់ឌីវ ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន សាម័រ ស្រីលង្កា និងយេម៉េន ដោយមានគោលបំណង ១. បង្រួបបង្រួមគ្រប់ក្រុមប្រឹក្សាយុវជនថ្នាក់ជាតិទាំងអស់ក្នុងអាសុី ២. ជំរុញឲ្យមានសមាហរណកម្មសេដ្ឋកិច្ច សង្គមនិងនយោបាយរបាងយុវជន និងជាតិសាសន៍អាសុីនានា ៣. ពន្លឿនសហប្រតិបត្តិការរវាងក្រុមប្រឹក្សាយុជនថ្នាក់ជាតិនានា ដើម្បីជំរុញសកម្មភាពស្ម័គ្រចិត្ត និងការអភិវឌ្ឍយុជន ៤. បង្កើតចំណេះដឹង និងភាពយល់ដឹងពីពិភពលោកលើបញ្ហាប៉ះពាល់យុវជនក្នុងអាសុីឲ្យកាន់តែទូលំទូលាយ និងផ្តល់ការគាំទ្រដល់មនុស្សវ័យក្មេងក្នុងអាសុីដើម្បីឲ្យស្គាល់ពីសក្តានុពល់របស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងសង្គមជាតិ។