អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកដឹងអំពីប្រភេទនៃអាហារល្អៗបំផុតមួយចំនួនដែលមិនត្រឹមជួយកាត់បន្ថយចំណង់អាហារជួយឲ្យស្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់សុខភាពផងដែរ ៖

១. ត្រីក្រហម ៖ ត្រីក្រហមមានផ្ទុកនូវវីតាមីនជាច្រើនច្រើនដែលល្អសម្រាប់សុខភាព រួមទាំងអាស៊ីតខ្លាញ់ចាំបាច់អូមេហ្គា ៣ ផងដែរ។ វត្តមាននៃសារធាតុចិញ្ចឹមច្រើនប្រភេទនឹងធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតរយៈពេលយូរ។ ការទទួលទានត្រីក្រហមទៀតទាត់អាចជួយកាត់់បន្ថយហានិភ័យនៃ ជំងឺធាត់ជ្រុល (obesity) ជំងឺទឹកនោមផ្អែម និងការវិវត្តន៍ទៅជាជំងឺបេះដូង។

២. ផ្លែបឺរ ឬអាវូកាដូ ៖ មិនត្រឹមតែជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់ចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែផ្លែបឺរក៏មានផ្ទុកសម្បូរទៅដោយអាស៊ីត oleic ដែលជួយមានឥទ្ធិពលគ្រប់គ្រងទប់ទល់អារម្មណ៍នៃការឃ្លាន។ ការពិសោធន៍ដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីកាលីហ្វ័រនីញ៉ាបានបង្ហាញឲ្យដឹងថា អ្នកដែលទទួលទានផ្លែបឺរអំឡុងពេលអាហារថ្ងៃត្រង់ គឺមិនមានអារម្មណ៍ឃ្លានដល់ទៅ ៣ ម៉ោងបន្ទាប់ពីទទួលទានរួច។

៣. កាហ្វេ ៖ ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេជួយដុតបំផ្លាញកាឡូរី និងបំបែកជាតិខ្លាញ់មិនល្អ ហើយថែមទាំងគ្រប់គ្រងចំណង់អាហាររបស់អ្នកផងដែរ។ ប្រសិនបើអ្នកទទួលទានកាហ្វេរយៈពេល ៣០ នាទី ទៅ ៤ ម៉ៅង មុនពេលទទួលទានអាហារនោះវានឹងប៉ះពាល់ដល់អារម្មណ៍នៃការឃ្លាន។ ជាធម្មតាដើម្បីសម្រកទម្ងន់ អ្នកគួរតែទទួលទានកាហ្វេ ២ ពែងក្នុងមួយថ្ងៃ (ប្រហែលជា ២០០មីលីក្រាមនៃជាតិកាហ្វេអ៊ីន)។ ទោះជាយ៉ាងណាក៏ដោយ ជាតិកាហ្វេអ៊ីនមិនមែនសមស្របសម្រាប់មនុស្សគ្រប់គ្នាឡើយ ដូច្នេះត្រូវប្រាកដថាសុខភាពរាងកាយរបស់អ្នកអាចទទួលយកបរិមាណនៃសារជាតិនេះបានដោយគ្មានគ្រោះថ្នាក់សិន សឹមទទួលទានទាន។

៤. គ្រាប់ជី ៖ គ្រាប់ជីអាចស្រូបយកជាតិទឹកបង្កើនមាឌ ឬទំហំពី ១១ ទៅ ១២ ដង ច្រើនជាងម៉ាសនៃគ្រាប់របស់វា។ ដូច្នេះការទទួលទានគ្រាប់ជីអាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត និងថែមទាំងកាត់បន្ថយចំណង់អាហារផងដែរ។

៥. ម្ស៉ៅធញ្ញជាតិ ៖ ម្ស៉ៅធញ្ញជាតិធម្មតាមានផ្ទុកជាតិសសៃជាច្រើនដែលជួយធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលទទួលទានម្ស៉ៅធញ្ញជាតិសម្រាប់អាហារពេលព្រឹកមានអារម្មណ៍មិនសូវឃ្លានឡើយនៅពេលបន្ទាប់ ហើយពួកគេទទួលទានជាតិកាឡូរីតិចជាង ៣០ ភាគរយកំឡុងពេលអាហារពេលថ្ងៃត្រង់នេះបើប្រៀបទៅនឹងអ្នកដែលមិនទទួលទានម្ស៉ៅធញជាតិជាអាហារពេលព្រឹក។

៦. ស៊ុត ៖ ជាប្រភពនៃប្រូតេអ៊ីនជាច្រើនដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែតនៅពេលទទួលទានរួច។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ប្រសិនបើមនុស្សម្នាក់ទទួលទានស៊ុតសម្រាប់អាហារពេលព្រឹក ពួកគេនឹងទទួលទានកាឡូរីតិចជាងធម្មតាដែលជួយដល់ការស្រកទម្ងន់។

៧. ម្ទេស ៖ មានផ្ទុកនូវសារធាតុ capsaicin ដែលសារធាតុគីមីមួយប្រភេទជួយកាត់បន្ថយចំណង់អាហារ និងដុតបំផ្លាញជាតិខ្លាញ់។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានម្ទេសត្រឹមតែ ១ ក្រាម អាចជួយកាត់បន្ថយចំណង់អាហារ និងរំងាប់អារម្មណ៍នៃភាពស្រេកឃ្លាន។ ដូច្នេះការទទួលទានម្ទេសខណៈពេលសម្រកទម្ងន់ គឺពិតជាប្រសើរខ្លាំងណាស់។ ទោះជាយ៉ាងណាក៏ដោយ ម្ទេសគ្មានឥទ្ធិពលជួយដល់ការស្រកទម្ងន់ឡើយចំពោះអ្នកដែលចូលចិត្ត ឬតែងតែទទួលទានអាហារហឹរ។ ហើយម្ទេសក៏មិនត្រូវបានណែនាំឲ្យទទួលទានរាល់ថ្ងៃដែរ សម្រាប់អ្នកដែលស្រកឡើងទម្ងន់។

៨. តែបៃតង ៖ មានផ្ទុកនូវសារជាតិ ២ ប្រភេទដែលជួយដល់ការសម្រកទម្ងន់ គឺកាហ្វេអ៊ីន និង catechin។ ជាតិកាហ្វេអ៊ីនជួយដុតបំផ្លាញជាតិខ្លាញ់ និងរំងាប់ចំណង់អាហារ ខណៈដែលជាតិ catechin ជួយបង្កើនការរំលាយអាហារ និងកម្ចាត់ចោលនូវជាតិខ្លាញ់មិនល្អ។ ដូច្នេះចំពោះអ្នកដែលចង់ស្រកទម្ងន់ ចូរទទួលទានតែបៃតងឲ្យបានពី ២៥០ មីលីក្រាម ទៅ ៥០០ មីលីក្រាមក្នុងមួយថ្ងៃ។

៩. ខ្ញី ៖ សារធាតុ gingerol ដែលមាននៅក្នុងខ្ញី គឺមានប្រសិទ្ធិភាពជួយធ្វើឲ្យស្រកទម្ងន់។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការទទួលទានសារធាតុ gingerol ជាប្រចាំអាចជួយធ្វើឲ្យអ្នកស្រកទម្ងន់បានជាច្រើនផោន។ វាក៏ជួយគ្រប់គ្រងកម្រិតនៃ leptin ដែលជាអ័រម៉ូនមួយដែលចាត់ចែងចំពោះការផ្លាស់ប្ដូរនៃថាមពល និងចំណង់អាហារផងដែរ។

១០. ប្រេងដូង ៖ អ្វីដែលធ្វើឲ្យប្រេងដូងខុសប្លែកពីប្រេងដទៃទៀតនោះ គឺដោយសារវាមានផ្ទុកអាស៊ីតខ្លាញ់មធ្យម (MCFAs)។ ពួកវាត្រូវបានស្រូបយកដោយរាងកាយក្នុងរបៀបផ្សេងៗពីគ្នាដែលបង្កើតផលប៉ះពាល់វិជ្ជមានលើការរំលាយអាហាររបស់រាងកាយ។ ឧទាហរណ៍ ប្រេងដូងជួយដុតបំផ្លាញជាតិកាឡូរី ក៏ដូចជាជាតិខ្លាញ់នៅក្បាលពោះ។ វាក៏មានប្រយោជន៍ផងដែរ នៅពេលនិយាយអំពីការកាត់បន្ថយចំណង់អាហារ។ ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលទទួលទានប្រេងដូង គឺពួកគេទទួលទានជាតិកាឡូរីត្រឹមតែ ២៥៦ គីឡូកាឡូរីក្នុងមួយថ្ងៃតិចជាងធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ប្រេងដូង គឺនៅតែជាប្រេង ដូច្នេះវាមិនត្រូវបានណែនាំឲ្យប្រើប្រាស់ជាប្រចាំរៀងរាល់ពេលចម្អិនអាហារឡើយ៕

អត្ថបទ ៖ Bee

ប្រភព ៖ Brightside