ស្ទាវ២នាក់ឆក់កាបូបនារីជនជាតិចិន បណ្តាលឲ្យដួលត្រឡប់ត្រឡិនរងរបួសពេញខ្លួន

ក្រុងព្រះសីហនុ-យោងតាមព័ត៌មាន​ប្រចាំថ្ងៃរបស់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ឲ្យដឹងថា ៖ នៅ​វេលាម៉ោង ២២:២០​នាទី​ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបនារីជនជាតិ ចិនម្នាក់​ ដែល​កំពុងដើរតាមផ្លូវ​ នៅមុខ សណ្ឋាគារវិមានខ្សាច់​ស​ ម្តុំ​អូរ​ឈើទាល​ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ​ ។ បើតាមសមត្ថកិច្ចបញ្ជាក់ថា ករណីឆក់នេះមិនបានសំរេច​ទេ ប៉ុន្តែ​បណ្តាលឲ្យជនរងគ្រោះដួល​ត្រឡប់​ត្រឡិន​ រងរបួស​ រលាត់ស្មារ ដៃ​និង​ ពកក្បាល ។

លោក​ឧត្តម​សេនីយ៍​ត្រី​កុល​ ផា​លី​ស្នងការរងទទួល​ផែន​ព្រ​ហ្ម​ទណ្ឌ​ បាន​ឲ្យ​ដឹង​ថា៖ ​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ និង​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤សង្កាត់​លេខ​២​ បាន​សហការ​គ្នា​​ ដេញ​ស្ទាក់ចាប់បាន​ជនសង្ស័យ​២​នាក់​ នៅ​ចំណុច​ផ្លូវ​កោង​កែង​តុលា​ការ​ចាស់​សង្កាត់​លេខ​៤។ ជនសង្សយ័រួមមាន៖
១-ឈ្មោះ នួន ករណាវិសុទ្ធ ភេទប្រុស អាយុ១៦​ឆ្នាំ ​(សិស្ស)​ មានទីលំនៅ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ឃុន ធីចាន់ដារិទ្ធ ហៅ ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ ​(សិស្ស)​ មានទីលំនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបាន រួមមានម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GT-9845 ជា​មធ្យោបាយ​ធ្វើសកម្មភាព។

ជនរងគ្រោះឈ្មោះ REN FANG ភេទស្រី អាយុ ២៨ឆ្នាំ ភ្ញៀវ​ទេសចរណ៍ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ THE PALM PALACE RESORT ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពុំ​មាន​ការ​បាត់​បង់​សម្ភារៈ​អ្វី​ឡើយ​។ មុខសញ្ញា​ទាំង​ពីរ​កំពុង​ឃាត់ខ្លួន​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​សាកសួរ​កសាងសំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូង​ ៕