នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រសួងព័ត៌មានបានចេញស្តីជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ក្រុមហ៊ុនផលិតកម្មភាពយន្ត វីដេអូទាំងអស់ មិនឲ្យចាក់ផ្សាយចម្រៀងខារ៉ាអូខេ ភាពយន្ត និងវីដេអូ ដែលយកគ្រឿងស្រវឹងធ្វើជាគុណសម្បត្តិក្នុងការដោះស្រាយវិបត្តិ បំភ្លេចទុក្ខកង្វល់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងអាកប្បកិរិយាយុវជន និងសង្គម និងមិនឲ្យចាក់ផ្សាយឈុតតួអង្គមានវិបត្តិផ្លូវចិត្ត ជាពិសេសស្រទាប់យុវវ័យ ដែលមានវិបត្តិស្នេហា ជ្រើសរើសយកមធ្យោបាយប្រើប្រាស់គ្រឿងស្រវឹងធ្វើជាគុណសម្បត្តិ ដើម្បីដោះស្រាយបញ្ហាបំភ្លេចទុក្ខសោក។

ហើយក្រសួងណែនាំដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ផលិតកម្មភាពយន្ត វីដេអូ ឲ្យប្តូរមកបង្ហាញវិធីដោះស្រាយសមស្រប ឬការអប់រំផ្លូវចិត្ត ឬការតាំងសមាធិធ្វើជាមធ្យោបាយដោះស្រាយបញ្ហាវិញ៕

អត្ថបទ៖ សេម