រន្ធត់ណាស់! ដួលម៉ូតូដាច់ដៃជាប់ខឿនសួនទ្រូងផ្លូវផ្អើលទាំងយប់

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបាន បណ្តាលឲ្យយុវជនម្នាក់របួសដាច់ដៃយ៉ាងរន្ធត់ និងម្នាក់ទៀតរងរបួសស្រាលបង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង៨​និង៤៥នាទីយប់ថ្ងៃ​ទី១០ ខែ​កុ​ម្ភៈ​ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ២០០៤ ភូមិត្រពាំង​ល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះរបួសដាច់ដៃវ័យប្រហែល២០ឆ្នាំជាងជិះម៉ូតូហុងដាសេ​១២​៥ មួយគ្រឿងស៊េរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1​J-​1275 ជាអ្នកឌុប ចំណែកមិត្តភក្រ្ត​ម្នាក់​ទៀ​តរបួសស្រាល ត្រូវបានរថយន្ត​ដឹកយក​ទៅ​ស​ង្ក្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជន​រងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿង តាមបណ្តោយផ្លូវ២០០៤ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត លុះមកដល់ចំណុច​កើត​ហេ​តុ ជនរងគ្រោះបានជិះគេចរ៉ឺម៉កកង់បីមិន​ផុតគៀរគ្នាដួល ​បណ្ដា​លឲ្យ​អូស​ជិត​១០​មែត្រ ធ្វើឲ្យយុវជនរង​គ្រោះ​ផ្លោ​ងទៅបុកសួនទ្រូងផ្លូវដាច់ដៃធ្វេងម្ខាងនៅជាប់នឹងទ្រូងផ្លូវ ចំណែកមិត្តភក្តិម្នាក់​ទៀត​រង​របួសស្រាល។

ក្រោយកើតហេតុរ៉ឺម៉កកង់បីបានរត់គេចខ្លួនបាត់ស្រមោល ចំណែកឯជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍កាកាប២ រងចាំសាច់ញាតិមក​ទទួលយកទៅវិញ៕