ស្រ្តីជនជាតិឥណ្ឌារស់នៅដោយអត់មានក្រលៀនជាងពីរឆ្នាំ ទើបដឹងថាត្រូវប្តីលួចយកទៅលក់ព្រោះផ្តល់បណ្ណាការក្នុងថ្ងៃរៀបការតិចពេក

បរទេស ៖ នៅក្នុងប្រទេសឥណ្ឌាមានទំលាប់ក្នុងការផ្តល់បណ្ណាការអោយទៅភាគីខាងប្រុសនៅក្នុងពេលរៀបការ បើទោះបីជាមានច្បាប់​ហាមឃាត់មិនអោយធ្វើបែបនេះក៏ដោយ។ ប្រភពព័ត៌មានបរទេសមួយបានរាយការណ៍ពីរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលបុរសជាប្តីបានលួចក្រលៀនរបស់ប្រពន្ធខ្លួនឯងលក់ជាង២ឆ្នាំទើបបែកការណ៍។ ស្រ្តីរងគ្រោះមានឈ្មោះ Rita Sarkar នាងបានរៀបការជាមួយបុរសដែលបានលួចក្រលៀននាងលក់នេះទាំងពីឆ្នាំ២០០៥។ កាលនោះឪពុកម្តាយរបស់នាងមានប្រាក់តែបន្តិចបន្តូចប៉ុណ្ណោះក្នុងការផ្តល់ជាបណ្ណាការដល់បុរសម្នាក់នេះ។ បុរសម្នាក់នេះតែងតែធ្វើការទាមទារបន្ថែមពីឪពុកម្តាយរបស់នាង គេថែមទាំងធ្លាប់និយាយទៀត​ថា”ឪពុកម្តាយមានរថយន្តរាប់សិប តែមើលមកពួកយើងវិញគ្មានអ្វីទាំងអស់”។

កាលពីពីរឆ្នាំមុននាងឈឺពោះយ៉ាងខ្លាំងព្រោះតែឈឺក្រពះ ប្តីរបស់នាងបាននាំនាងទៅព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង។ ប្តីរបស់នាងនិងគ្រូពេទ្យនៅទីនោះបានប្រាប់ថា ជម្ងឺរបស់នាងត្រូវតែធ្វើការវះកាត់ទើបនាងអាចជាសះពីជម្ងឺ។ បែបនេះទើបនាងសម្រេចវះកាត់ តែមិននឹងស្មានសោះថានេះជាល្បិចបោកបញ្ឆោតរបស់ប្តីនាងតែប៉ុណ្ណោះ។ ទោះបីជាវះកាត់រួចហើយក៏ដោយនាងនៅតែបន្តឈឺចាប់ទៀត ហើយវាកាន់តែឈឺខ្លាំងជាងមុនទៅទៀត នាងបានសុំអោយប្តីរបស់នាងនាំទៅមន្ទីពេទ្យ។

តែគេមិនបានរវីរវល់ជាមួយនាងនោះទេ ហើយថែមទាំងបានគំរាមនាងទៀតថាមិនអោយប្រាប់នរណាពីរឿងគេនាំនាងទៅមន្ទីពេទ្យកាលពីពីរឆ្នាំមុនទៀត។ ដោយឈឺទ្រាំលែងបាននាងក៏បានសុំអោយបងប្អូនរបស់ខ្លួនជូនទៅមន្ទីពេទ្យពិនិត្យ នៅទីនោះគ្រូពេទ្យបានប្រាប់ថាក្រលៀនខាងស្តាំរបស់នាងបានបាត់ទៅហើយ។ គ្រាន់តែលឺបែបនេះនាងបានដឹងភ្លាមថាវាជាទង្វើររបស់ប្តីខ្លួន។ នៅថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៨ បុរសជាប្តីនិងបងប្រុសរបស់គេត្រូវបានប៉ូលិសចាប់ខ្លួនពីបទជួញដូររាងកាយរបស់មនុស្ស។ ប្តីរបស់ស្រ្តីរងគ្រោះនេះបានសារភាពថា គេបានលក់ក្រលៀនរបស់ប្រពន្ធខ្លួនទៅអោយអ្នកជំនួយដ៏ធំម្នាក់នៅទីក្រុង៕

ប្រភព ៖ thecoverage