កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ដទំនើប Rolls-Royce ទើបតែបានប្រកាសជាផ្លូវការនូវប្រភេទរថយន្ដ SUV ដំបូងបង្អស់របស់ខ្លួន ក្នុងរយៈពេល 114ឆ្នាំចុងក្រោយក្នុងប្រវត្តិសាស្ត្រ។ រថយន្ដប្រភេទ SUV ដំបូងបង្អស់នេះត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Cullinan ហើយវាពិតជាទំនើប និងថ្លៃថ្លូរបំផុត។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Rolls-Royce លោក Peter Schwarzenbauer បានមានប្រសាសន៍ថា “ថ្ងៃនេះ យើងបានកំណត់ស្ដង់ដារថ្មីដោយបង្កើតប្រភេទរថយន្ដថ្មីសម្រាប់អតិថិជន និងតម្រូវការទូទាំងពិភពលោក។ ចំពោះការផ្សងព្រេង និងតម្រូវការរថយន្ដប្រណិត យើងជឿជាក់ថា Cullinan និងជួយពួកគេសម្រេចរាល់អ្វីដែលចង់បាន។”

ជាងមួយទសវត្សរ៍កន្លងមក អ្នកប្រើប្រាស់រថយន្ដលើពិភពលោកពិតជាមានតម្រូវការរថយន្ដធន់ធំ និង SUV ខ្លាំងណាស់ ហើយការផ្លាស់ប្ដូររបស់យើងនេះ គឺស្របតាមតម្រូវការ ក៏ដូចគ្នាទៅនឹងរថយន្ដស្ព័រផ្សេងទៀតដូចជា Jaguar, Porsche, Maserati និង Alfa Romeo ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើតប្រភេទរថយន្ដ SUV ដែរ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ2016 ក្រុមហ៊ុន Bentley បានក្លាយទៅជាម៉ាករថយន្ដស្ព័រដំបូងបង្អស់លើពិភពលោក ដែលសម្រេចចេញលក់ប្រភេទរថយន្ដ SUV ថែមទៀតជាមួយនឹងឈ្មោះថា Bentayga ហើយម៉ូដែលនេះពិតជាទទួលបានការគាំទ្រខ្លាំង។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Lamborghini ក៏បានដើរតាមមាគានេះដែរ ហើយក្នុងឆ្នាំ2017 រថយន្ដ SUV ម៉ូដែល Urus ត្រូវបានលេចមុខជាមួយនឹងល្បឿន 190mph ស្មើរនឹងប្រមាណ 306 គីឡូម៉ែត្រក្នុងមួយម៉ោង។

កន្លងមក 3ឆ្នាំបន្ទាប់ ក្រុមហ៊ុន Rolls-Royce ក៏បានសម្រេចក្នុងការបង្កើតរថយន្ដប្រភេទ SUV ដែរ ជាមួយនឹងតម្លៃកប់តែម្ដង គឺរហូតដល់ទៅ $325,000 ឯណោះ (តម្លៃស្រុកគេ)។ Rolls-Royce Cullinan មានតួខ្លួនផលិតឡើងពីអាលុយមីញ៉ូម ជាមួយនឹងកម្លាំងម៉ាស៊ីន V12 6.75 liter និងកម្លាំងសេះ 563hp និងអាចរត់បានក្នុងល្បឿន 155mph ស្មើរនឹងប្រមាណ 250 គីឡូម៉ែត្រក្នុងមួយម៉ោង។

Fu

ប្រភព៖ businessinsider