សៀមរាបកំពុងតែជួបប្រទះបញ្ហាមួយនេះ ដោយសារតែកំណើនភ្ញៀវចិន

លោក លី ជីជា អគ្គស្ថានកុងស៊ុលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា លោកពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះកំណើនអ្នកទេសចរណ៍ជន​ជាតិចិន ដែលចូលមកទស្សនាកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់ នេះយោងតាមស្ថិតិនៅឆ្នាំ២០១៦ កម្ពុជា ទទួលភ្ញៀវទេសចរណ៍ចិនចំនួនជាង៦៧ម៉ឺននាក់ , នៅឆ្នាំ២០១៧ មានចំនួន៩១ម៉ឺននាក់ និង គិតត្រឹមត្រីមាសទី១ឆ្នាំ២០១៨នេះ ភ្ញៀវទេសចរណ៍ចិន បានកើនឡើងដល់ជាង៥០ម៉ឺននាក់ហើយ ។

លោក លី ជីជា បានមានប្រសាសន៍ទៀតថា តាមអត្រាកំណើននេះ អាចនាំឱ្យគោលដៅទេសចរណ៍ របស់កម្ពុជា ទទួលភ្ញៀវទេស​ចរណ៍​ចិនចំនួន២លាននាក់ សមតាមបំណងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេស​ចរណ៍កម្ពុជាចង់បាន និងកំពុងខិតខំទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យបានយ៉ាងតិច២លាននាក់នៅឆ្នាំ២០២០នោះ ខណៈដែលភ្ញៀវទេស​ចរណ៍ចិនចំនួន២លាននាក់ ដែលកម្ពុជាចង់បាននោះ នឹងមកដល់កម្ពុជានៅមុនឆ្នាំ២០២០ ប៉ុន្តែនៅពេលជើងហោះហើរត្រង់កម្ពុជា-ចិនត្រូវបានបង្កើន ក៏ដូចជាការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីផងនោះ ចំនួនអ្នកទេសចរជនជាតិចិនមកកម្ពុជានឹងកើនឡើងច្រើនជាងនេះ ហើយអាចប៉ាន់ស្មានថា អ្នកទេសចរម្នាក់ បានចំណាយ​ថវិកាប្រមាណ៥០០ដុល្លារអាមេរិក ដូច្នេះបើមួយលាននាក់កម្ពុជានឹងទទួលបានចំណូលថវិការាប់លានដុល្លារអាម៉េរិកមិនខានឡើយ ។

លោក លី ជីជា បានមានប្រសាសន៍បន្ថែមទៀតថា មិត្តភាពរវាងប្រទេសចិននិងកម្ពុជាមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់​មកហើយ ប្រទេសយើងទាំងពីរបានរួមសហការលើគ្រប់វិស័យ ទទួលបានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ ហើយកម្ពុជាក៍បាននឹងកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកទេសចរណ៍ស្ទើរគ្រប់ជាតិសាសន៍បានមកទស្សនាសម្បត្តិបេតិភណ្ឌ័ពិភពលោកដ៍អច្ឆរិយៈមួយនេះ មានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈ​បច្ចុប្បន្ន រដ្ឋាភិបាលចិនកំពុងជំរុញឱ្យមានជើងហោះហើរដោយផ្ទាល់ពីចិនមកកាន់កម្ពុជា ជាពិសេសខេត្តសៀមរាប និងក្នុងតំបន់នៃប្រទេសមេគង្គ-ឡានឆាងផងដែរ ប៉ុន្តែនៅខេត្តសៀមរាប នឹងជួបនូវបញ្ហាសេវាកម្មទីផ្សារទេសចរណ៍ ដូចជាកង្វះបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន , ខ្វះខាតបរិក្ខាសម្រាប់បំពេញបន្ថែមទៅឱ្យវិស័យទេសចរណ៍ ពេលបុណ្យជាតិ និងអន្តរជាតិធំៗម្តងៗ ។

លោកមានប្រសាសន៍បែបនេះ ក្នុងឱកាសបើកសិក្ខាសាលាស្តីពីការបណ្ដុះបណ្ដាលគ្រូបង្គោលនៃក្រុមការងារទេសចរណ៍ មេគង្គ ឡាន​ឆាង កម្រិតទី១ លើការវាយតម្លៃ ស្តង់ដារទេសចរណ៍តាមសហគមន៍ របស់សហគមន៍អាស៊ាន នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ នៅខេត្តសៀមរាប ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍​ថា តាមការបញ្ជាក់ពីអង្គការទេសចរណ៍ពិភពលោក ក្នុងចំណោមអ្នកទេសចរអន្តរជាតិសរុប មានអ្នកទេសចរជនជាតិចិនប្រមាណ ១០ភាគរយ ហើយបើតាមការព្យាករណ៍ ភ្ញៀវទេសចរអន្តរជាតិដែល​មកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៨ មានជាង៦លាននាក់នោះ អ្នកទេស​ចរជនជាតិចិន មានចំនួនប្រមាណ ១.៨លាននាក់ , នៅឆ្នាំ​២០១៩ អ្នកទេសចរជនជាតិចិន មានចំនួនប្រមាណ ២.៤លាននាក់ និងនៅឆ្នាំ២០២០ អ្នកទេសចរជនជាតិចិន មានចំនួនប្រមាណ ២.៦លាននាក់ កើនលើសការគ្រោងទុក ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប